
រដ្ឋធានីណៃពិដោ៖ ការវាយប្រហារតាមអាកាសយ៉ាងសាហាវព្រឺព្រួចពីសំណាក់យោធាភូមា សំដៅទៅលើជំរំជនភៀសខ្លួនក្នុងរដ្ឋរ៉ាឃីន (Rakhine) បានផ្តាច់ជីវិតមនុស្ស៨នាក់ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ពោលគឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏រន្ធត់មួយ បានសម្លាប់មនុស្សអស់ប្រមាណ ៥០នាក់។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងសមាគមយុវជនក្នុងស្រុក កាលពីថ្ងៃចន្ទទី៥តុលា...។

កាលពីថ្ងៃអាទិត្យទី៤តុលា មុនពេលព្រះអាទិត្យរៀបអស្តង្គតគ្រាប់បែកតាមអាកាស បានរមៀលធ្លាក់ចេញពីពោះយន្តហោះចម្បាំង ធ្លាក់ចំជំរំជនភៀសខ្លួនមួយកន្លែង ស្ថិតក្នុងឃុំពុនណាហ្គីយ៉ុន (Ponnagyun) នៃរដ្ឋរ៉ាឃីន ដោយផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កឱ្យមនុស្ស១១នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ នេះបើយោងតាមការថ្លែងការរបស់អ្នកនាំពាក្យកងទ័ពអារ៉ាកាន (Arakan Army) និងសមាគមយុវជនពុនណាហ្គីយ៉ុន។ លុះបន្តមកដល់ព្រឹកថ្ងៃចន្ទទី៥តុលាម្សិលមិញ ចលនាក្រុមប្រដាប់អាវុធ និងក្រុមទាំង២ខាងលើ បានគូសបញ្ជាក់បន្ថែមថា ការវាយប្រហារតាមអាកាសមួយលើកទៀតបន្តវាយប្រហារលើជំរំជនភៀសខ្លួនទីពីរ នៅក្នុងឃុំដដែលនោះ ដោយបានសម្លាប់មនុស្ស២នាក់បន្ថែមទៀត និងបង្កឱ្យមនុស្ស២នាក់ផ្សេងទៀតរងរបួស។

លោក ក្យ៉ាវ វីន ធុន (Kyaw Win Tun) អ្នកនាំពាក្យសមាគមយុវជនពុនណាហ្គីយ៉ុន បានគូសបញ្ជាក់ដោយក្ដីក្តុកក្តួលអំពីជនរងគ្រោះនៅក្នុងជំរំទាំង២ថា៖«ជនរងគ្រោះទាំងអស់នៅទីនោះ គឺជាប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលរត់ភៀសខ្លួនពីសង្គ្រាម»។ យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលយោធាភូមា មិនទាន់បានចេញមុខធ្វើការអត្ថាធិប្បាយភ្លាមៗ ជុំវិញការវាយប្រហារតាមអាកាសនេះ នៅឡើយទេ។ កន្លងមក រដ្ឋាភិបាលភូមា តែងតែអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានប្រកាន់ខ្ជាប់នូវការអត់ធ្មត់កម្រិតអតិបរមា ដើម្បីចៀសវាងការប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិល។ ទោះជាយ៉ាងណា ជុំវិញរឿងនេះ សារព័ត៌មានរ៉យទ័រ ពុំទាន់អាចផ្ទៀងផ្ទាត់សេចក្ដីលម្អិតនៃហេតុការណ៍នេះ ដោយឯករាជ្យបាននៅឡើយទេ។

មែនទែនទៅ រដ្ឋរ៉ាឃីន មានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស បានក្លាយជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក និងស្រួចស្រាវបំផុតនៅក្នុងសង្គ្រាមស៊ីវិលភូមា ដោយកងទ័ពអារ៉ាកាន (Arakan Army) បានវាយដណ្តើមគ្រប់គ្រងដែនដីភាគច្រើននៃរដ្ឋឆ្នេរសមុទ្ទមួយនេះ ខណៈយោធារដ្ឋាភិបាលកំពុងប្រឹងប្រែងវាយបក ដើម្បីក្រសោបយកដែនដីទាំងនោះត្រឡប់មកវិញ។ គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលដ៏សាហាវនៅភូមា ដែលបានផ្ទុះឡើង ចាប់តាំងពីរបបសឹកបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុងឆ្នាំ២០២១ បានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១០ម៉ឺននាក់ និងបង្ខំឱ្យប្រជាជនជាង៣លាន៥សែននាក់ បោះបង់ និងចាកចោលផ្ទះសម្បែង រត់ភៀសខ្លួនរកទីតាំងសុវត្ថិភាព។ គេនៅចាំបានថា កាលពីមួយសប្តាហ៍មុន ការវាយប្រហារតាមអាកាសរបស់យោធាភូមា នៅក្បែរទីផ្សារមួយក្នុងស្រុកក្យោកតរ (Kyauktaw) នៃរដ្ឋរ៉ាឃីន បានសម្លាប់ប្រជាជនស៊ីវិលអស់៥០នាក់ និងរបួសយ៉ាងតិច៥៨នាក់ ដែលបានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ៕





