គ្រោះរញ្ជួយដីកម្រិត៧,០រ៉ិចទ័រ វាយប្រហារតំបន់ទីបេ ប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លា.ប់ និង៣២នាក់រងរបួស
Chanmarady Chuon
•
2 ថ្ងៃមុន

តំបន់ស្វ័យតទីបេ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧,០រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ ស្ថិតនៅភាគនិរតីនៃប្រទេសចិន កាលពីវេលាម៉ោងប្រមាណ២២:៣៣នាទីយប់ថ្ងៃព្រហស្បតិ៍ទី២២តុលា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ និងបណ្ដាលឱ្យមនុស្ស៣២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ (Xinhua) ដែលទទួលបានការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ន ទីក្រុងណាកឈូ …។

សារព័ត៌មាន Nikkei Asia បានចុះផ្សាយរបាយការណ៍ខាងលើថា គិតត្រឹមវេលាម៉ោង២:២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងចំណោមអ្នករងរបួសទាំងអស់មាន១១នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ២១នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍នេះ ត្រូវបានគេកត់ត្រាថា ជាគ្រោះរញ្ជួយដីកម្រិតខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសចិន គិតចាប់តាំងពីខែមករា ឆ្នាំ២០២៤មក។ បើតាមមជ្ឈមណ្ឌល CENC ចំណុចកណ្តាលរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ ស្ថិតនៅតំបន់ភ្នំខ្ពស់ និងមានមនុស្សរស់នៅតិចតួច ក្នុងស្រុកមួយនៃក្រុងណាកឈូ ភាគខាងជើងតំបន់ទីបេ។

វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្នុងស្រុក បានបង្ហាញពីសកម្មភាពប្រជាពលរដ្ឋ នាំគ្នាចាកចេញពីផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាពនៅខាងក្រៅ ឬដេកក្នុងរថយន្តដែលចតនៅលើដង។ CENC បានបន្ថែមថា ការរញ្ជួយនេះ មើលឃើញយ៉ាងច្បាស់នៅក្នុងតំបន់ផ្ទាល់ ខណៈចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ ពីអតីតរដ្ឋធានីឡាសា របស់តំបន់ស្វ័យតទីបេ។ បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ក្នុងស្រុក ត្រូវបានកៀគរ និងកំពុងធ្វើដំណើរទៅកាន់តំបន់រងគ្រោះ។

សូមជម្រាបថា ទិន្នន័យពី CENC ក៏បានបង្ហាញផងដែរថា គ្រោះរញ្ជួយដីនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ វានឹងកើតមានជាបន្តបន្ទាប់ទៀត ក្នុងកម្រិតពី៣,០ ទៅ៤,០រ៉ិចទ័រ នាពេលខាងមុខ។ សូមរម្លឹកថា កាលពីឆ្នាំ២០១០ គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ ធ្លាប់បានវាយប្រហារស្រុកយូស៊ូ ក្នុងខេត្តឆិញហៃ នៅជាប់តំបន់រងគ្រោះនោះ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២៦៩៨នាក់ បាត់បង់ជីវិត និងមនុស្សជិត៣០០នាក់ផ្សេងទៀត បាត់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត