កោះនៅឥណ្ឌូណេស៊ី រងការវាយ.ប្រ.ហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀត
Chanmarady Chuon
4 ម៉ោងមុន

រដ្ឋហ្សាការតា៖ ឥណ្ឌូណេស៊ី ជាប្រទេសដែលប្រជុំទៅដោយកោះជាច្រើន តែងតែប្រឈមមុខនឹងគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើង ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើង ឬRing of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២៦នេះ មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧ រិចទ័រ ដែលបានវាយប្រហារចំភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ ក្រៅពីមនុស្សស្លាប់ និងរបួស គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យខូចខាតអគារជាច្រើន និងបង្កឱ្យមានការភ័យស្លន់ស្លោទាំងព្រឹកព្រលឹម។

ផ្អែកតាមការអង្កេតរបស់វិទ្យាស្ថានសាស្ត្រអាម៉េរិក (USGS) និងនាយកដ្ឋានឧតុនិយម កសិកម្ម និងភូមិសាស្ត្រឥណ្ឌូណេស៊ី (BMKG) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅមុនម៉ោង ៥:ព្រឹកបន្តិច មានជម្រៅប្រមាណ១០ទៅ១៥គីឡូម៉ែត្រក្រោមដី ស្ថិតនៅតំបន់កោះ Flores ដោយមានចំណុចកណ្តាលនៃការរញ្ជួយដី (Epicentre) ស្ថិតនៅដែនសមុទ្ទភាគខាងជើងកោះ Flores ប្រមាណ៦៨គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ត្រូវបានគេកត់ត្រាថា មានការរញ្ជួយដីបន្តបន្ទាប់ (Aftershocks) កម្រិតធ្ងន់ធ្ងរជាច្រើនលើក រួមទាំងការរញ័រមួយលើកមានកម្រិតរហូតដល់៦,១រិចទ័រផងដែរ។

ពាក់ព័ន្ធនឹងចំនួនជនរងគ្រោះ ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) កាលពីដំបូងឡើយ បានរាយការណ៍ថា មានមនុស្ស២នាក់បានស្លាប់ (បុរសម្នាក់ និងស្ត្រីម្នាក់) ប៉ុន្តែក្រោយមក ក៏ផ្ទៀងផ្ទាត់ និងកែតម្រូវឡើងវិញ ដោយបញ្ជាក់ថាមានករណីស្លាប់តែម្នាក់ និងរងរបួសត្រឹម៤នាក់ ខណៈក្រុមស្វែងរក និងសង្គ្រោះកំពុងបំពេញបេសកកម្ម ដើម្បីជួយជនរងគ្រោះដែលអាចជាប់ឃុំក្រោមកម្ទេចអគារបាក់បែក។ ទោះជាយ៉ាងណា ការវាយតម្លៃពីកម្រិតនៃការខូចខាតទាំងស្រុងត្រូវចំណាយពេល ព្រោះតំបន់នោះជាតំបន់ដាច់ស្រយាល និងសម្បូរទៅដោយជួរភ្នំ។ ចំណែក របាយការណ៍ផ្លូវការ ឬចុងក្រោយ ក៏មិនទាន់កំណត់ដែរថា នឹងមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់។ អាជ្ញាធរ បានណែនាំប្រជាពលរដ្ឋ កុំចូលទៅក្នុងអគារដែលមានស្នាមប្រេះ និងនៅឱ្យឆ្ងាយពីតំបន់ឆ្នេរសមុទ្ទ ដើម្បីសុវត្ថិភាព ព្រោះតែការរញ្ជួយដី  (Aftershocks) នៅតែអាចបន្តកើតមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត