
រដ្ឋធានីហ្សាការតា៖ មនុស្សយ៉ាងហោចណាស់៤៧នាក់ បានបាត់បង់ជីវិត និង៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ អមដោយការរញ្ជួយដីបន្តបន្ទាប់ជាច្រើនលើក បានវាយប្រហារភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥សីហាម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់ចុងក្រោយពីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ...។

គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លានេះ បានបង្កឱ្យមានរលកស៊ូណាមិដែលមានកម្ពស់តូចជាង១ម៉ែត្រនៅតំបន់ឆ្នេរមួយចំនួន មុនពេលអាជ្ញាធរដកការព្រមានស៊ូណាមិវិញ។ កោះ Flores គឺជាទីតាំងមួយដែលរងការវាយប្រហារធ្ងន់ធ្ងរ ដោយមនុស្ស២០នាក់ត្រូវរកឃើញថា ស្លាប់ និងជាច្រើននាក់ទៀតជាប់គាំងក្រោមអគារបែកបាក់។ ជាមួយគ្នា ផ្ទះសម្បែងជាង៣៤០ខ្នង សាលារៀន៨៧ខ្នង មន្ទីរពេទ្យ និងមណ្ឌលសុខភាព១៨កន្លែង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបប្រទះភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារគ្រោះបាក់ដីបានបិទផ្លូវធ្វើដំណើរ និងបាត់បង់ប្រព័ន្ធទំនាក់ទំនងទូរសព្ទនៅក្នុងតំបន់។ អាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋជាង២០០០នាក់ ទៅកាន់ទីទួលសុវត្ថិភាព ស្របពេលក្រុមសង្គ្រោះកំពុងព្យាយាមចូលទៅកាន់តំបន់កាត់ផ្តាច់ តាមរយៈផ្លូវទឹក ឬសាឡង់ជំនួសវិញ។ ទោះបីជាការប្រកាសអាសន្នរលកយក្សស៊ូណាមិ ត្រូវបានលុបចោលវិញក៏ដោយ ប្រជាពលរដ្ឋរាប់ពាន់នាក់កំពុងបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងមិនទាន់ហ៊ានត្រឡប់ចូលស្នាក់នៅក្នុងផ្ទះសម្បែង ដោយសារការភ័យខ្លាចថា នឹងមានការរញ្ជួយជាថ្មីទៀត៕







