
រាជធានីតូក្យូ៖ ចំនួនអ្នកបាត់បង់ជីវិតសរុបពីគ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានកើនឡើងដល់៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ហើយប្រជាពលរដ្ឋរាប់ពាន់នាក់កំពុងប្រឈមមុខនឹងអាកាសធាតុក្ដៅស្អុះស្អាប់ខ្លាំង ខណៈក្រុមអ្នកសង្គ្រោះបន្ទាន់របស់ជប៉ុន បានបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកអ្នករស់រានមានជីវិត ដែលនៅសេសសល់ក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយកន្លែង...។

អាជ្ញាធរខេត្តគូម៉ាមូតូ (Kumamoto) បានបញ្ជាក់ថា ខ្លួនបានស្រង់សពជនរងគ្រោះចំនួន៤នាក់បន្ថែមទៀត ចេញពីគំនរដែក បេតុង និងខ្សែភ្លើងនៃផ្សារទំនើប Aeon បន្ទាប់ពីមានការផ្ទុះហ្គាសក្រោយគ្រោះរញ្ជួយដីកម្លាំង៧,១រ៉ិចទ័រ កាលពីថ្ងៃអង្គារ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា ក្រុមជួយសង្គ្រោះទាញមនុស្សបាន១០នាក់ ចេញពីផ្សារទំនើបនោះ ដោយក្នុងនោះ៤នាក់ត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិត ម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។

គ្រោះរញ្ជួយដីនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កឱ្យមានអគ្គិភ័យកើតឡើងនៅតាមទីតាំងមួយចំនួនផងដែរ។ បន្ថែមលើការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុក្ដៅហួតហែង ដែលត្រូវបានព្យាករថា អាចកើនឡើងដល់៣៨អង្សាសេនៅចុងសប្តាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃទី៣០ខែកក្កដា ផ្ទះសម្បែង និងអគារផ្សេងៗប្រមាណ២២ ៦៧០ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈផ្ទះប្រជាពលរដ្ឋប្រហែល៨៤ ០០០ខ្នង រងការកាត់ផ្តាច់ប្រព័ន្ធទឹកស្អាត ដែលបង្ខំឱ្យប្រជាពលរដ្ឋជាច្រើន ជាពិសេស ជនជរា ត្រូវទៅសម្រាកតាមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងតម្រង់ជួររង់ចាំទទួលទឹកស្អាត និងប្រេងឥន្ធនៈ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅ៕






