
រដ្ឋធានីបូហ្គោតា៖ យ៉ាងហោចណាស់ មានមនុស្ស១៣២នាក់បានស្លាប់ និង៥៧០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦។ អគារជាច្រើនខ្នង បានបាក់រលំដួលរាបដល់ដីនៅតាមទីក្រុងជាច្រើន ហើយមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញយ៉ាងដំណំ ខណៈមនុស្សម្នាជាច្រើនកៀបជាប់នៅក្រោមគំនរបាក់បែក។ ជុំវិញព្រឹត្តិការណ៍ដ៏សោកនាដកម្មនេះ អាជ្ញាធរបានចាត់ទុកថាជាគ្រោះរញ្ជួយដីខ្លាំងបំផុតរបស់ប្រទេសប្រចាំសតវត្សរ៍ទី២១នេះ។

គ្រោះរញ្ជួយដីនៅកូឡុំប៊ីនេះ បានកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះដ៏មហាប្រល័យនៅប្រទេសវេណេស៊ុយអេឡា ក៏ទើបនឹងកើតឡើងកាលពីខែមិថុនានៅតែថ្មីៗ និងស្រស់ៗនៅឡើយ។ លោក អាបេឡាដូ ដេ ឡា អេសព្រីយ៉ា (Abelardo De La Espriella) ដែលទើបតែស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូឡុំប៊ី បានថ្លែងនៅក្នុងសារលិខិតថ្នាក់ជាតិយ៉ាងកម្សត់ថា ៖«អាទិភាពទីមួយ គឺការសង្គ្រោះមនុស្ស ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក»។ របាយការណ៍បឋមបានបង្ហាញថា មនុស្សចំនួន១៣២នាក់បានស្លាប់ និង៥៧០នាក់រងរបួស ព្រមទាំងមានអគារជាច្រើនបានដួលរលំ និងផ្ទះសម្បែងខូចខាតរាប់សិបខ្នង។ នាយកដ្ឋានអង្កេតភូមិសាស្ត្រអាម៉េរិក (USGS) បានបង្ហាញថា ការរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រនេះ បានកើតឡើងនៅជម្រៅ១០៧គីឡូម៉ែត្រ ហើយវាជាគ្រោះរញ្ជួយដីខ្លាំងបំផុត ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសកូឡុំប៊ីនាសតវត្សរ៍ទី២១នេះ។

វីដេអូបានបង្ហាញពីក្រុមអ្នកសង្គ្រោះ ប៉ូលិស និងអ្នកស្ម័គ្រចិត្ត កំពុងកាយកម្ទេចថ្មដោយដៃទទេ ដើម្បីស្វែងរកអ្នករស់រានមានជីវិត ដែលកៀបជាប់ក្រោមអគារដួលរលំ។ រូបភាពផ្សេងទៀតបានបង្ហាញពីការខូចខាតដល់អគារស្នាក់នៅ និងទីតាំងសេវាសង្គ្រោះបន្ទាន់ ដោយមានកម្ទេចថ្មបាក់ធ្លាក់លើរថយន្តសង្គ្រោះបន្ទាន់ ដែលចតនៅខាងក្រោម។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់កូឡុំប៊ី បានផ្អាកប្រតិបត្តិការនៅព្រលានយន្តហោះជាច្រើននៅភាគខាងលិចប្រទេស រួមមាន៖ ទីក្រុងភើរេរ៉ា (Pereira), ម៉ានីហ្សាឡេស (Manizales), ឃ្វីបដូ (Quibdo), អាម៉េនៀ (Armenia), ខាតាហ្គោ (Cartago), និង ប៊ូណាវេនទូរ៉ា (Buenaventura) ខណៈក្រុមវិស្វករកំពុងត្រួតពិនិត្យរចនាសម្ព័ន្ធ។ សូមជម្រាបថា ប្រទេសកូឡុំប៊ី ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលមានសកម្មភាពរញ្ជួយដីញឹកញាប់ និងមានគ្រោះរញ្ជួយដីតូចៗរាប់ពាន់ដងជារៀងរាល់ខែ៕





