យោធាកំពង់ធំបង្ក្រាបឈើខុសច្បាប់៣ទីតាំង តែឧ.ក្រិដ្ឋ.ជនកា.ប់.បំ.ផ្លាញ បានគេចខ្លួនដោយសុវត្ថិភាព
Chanmarady Chuon
•
មួយម៉ោងមុន

ក្រុងស្ទឹងសែន៖ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចុះបង្ក្រាបករណីកាប់ និងដឹកជញ្ជូនផល-អនុផលព្រៃឈើដោយខុសច្បាប់ ដោយអាជ្ញាធរចម្រុះរឹបអូសបានឈើមូលស្រស់ស្រក់ជ័រថ្មីៗចំនួនជាង១៥០កំណាត់ ខណៈក្រុមប្រព្រឹត្តបទល្មើសមានឱកាសគេចខ្លួនបានដោយសុវត្ថិភាព…។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣:៤៥នាទីទៀបភ្លឺនាថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បន្ទាប់ពីបានចុះល្បាត និងស៊ើបអង្កេតនៅតំបន់ព្រៃអង់តែន ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រភពពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៣:៤៥នាទីទៀបភ្លឺ ក្នុងពេលកំពុងធ្វើសកម្មភាពរុករក កងកម្លាំងអន្តរាគមន៍បានប្រទះឃើញគោយន្តកន្ត្រៃ១គ្រឿង កំពុងដឹកជញ្ជូនឈើខុសច្បាប់នៅចំណុចអូរអន្ទ្រក។ ប៉ុន្តែដោយសារស្ថានភាពយប់ងងឹត ម្ចាស់គោយន្តបានលោតចុះរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុកត្រឹមគោយន្តកន្ត្រៃ និងឈើមូលស្រស់ចំនួនជាង៤០កំណាត់ នៅនឹងកន្លែង។

ក្នុងពេលជាមួយគ្នា ក្រុមជនសង្ស័យដែលដឹកជញ្ជូនឈើនៅ៣ទីតាំងផ្សេងទៀត ក្នុងតំបន់ជាមួយគ្នា ហាក់បានដឹងខ្លួនថា មានសមត្ថកិច្ចចុះបង្ក្រាប ក៏បានប្រញាប់ប្រញាល់កាត់ទម្លាក់ឈើចោលនៅកណ្តាលផ្លូវ រួចបើកគោយន្តកន្ត្រៃគេចខ្លួនបាត់ស្រមោលដូចគ្នា ដោយបន្សល់ទុកម៉ាស៊ីនអាឈើ១គ្រឿង និងឈើមូលស្រស់ប្រមាណ១១០កំណាត់បន្ថែមទៀត។ ពាក់ព័ន្ធនឹងករណីបទល្មើសព្រៃឈើនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាកងកម្លាំងប្រដាប់អាវុធ មន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមជនល្មើស យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត