
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បាននិងកំពុងបង្កើនប្រតិបត្ដិការបង្ក្រាបស្កេម នៅទូទាំងពិភពលោក បានបណ្ដាលឱ្យរដ្ឋាភិបាលនានា ធ្វើសកម្មភាពយ៉ាងពេញទំហឹង និងបានចាប់ខ្លួនក្រុមឧក្រិដ្ឋជន និងអ្នកជាប់ពាក់ព័ន្ធរាប់ពាន់នាក់...។

លោក ខេស ផាថែល (Kash Patel) នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ FBI បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃព្រហស្បតិ៍ទី២២តុលានេះថា៖«ក្រុមឧក្រិដ្ឋជនឆបោក គិតថា ពួកគេអាចប្លន់ប្រជាជនអាម៉េរិកាំង រួចគេចខ្លួនទៅសំងំសោយសុខនៅឯបរទេស។ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យរឿងបែបនេះ កើតឡើងនោះឡើយ!»។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រតិបត្តិការ «Blackout» បានរឹបអូសប្រាក់សុទ្ធ និងរូបិយបណ្ណគ្រីបតូ (Crypto) សរុបជាង១៧ពាន់លានដុល្លារអាម៉េរិក ព្រមទាំងបោសសម្អាតទីតាំងរបស់ក្រុមឆបោក ឬស្កេមជាង២២កន្លែង។

លោកនាយក FBI បន្ដថា ទីភ្នាក់ងារ FBI កំពុងបើកប្រតិបត្តិការវាយលុកប្រឆាំងនឹងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធើរណេត ដែលពូកគេកំណត់គោលដៅលើប្រជាជនអាម៉េរិកាំង។ ប្រតិបត្តិការនេះ ជាយុទ្ធនាការរបស់ FBI នៅក្នុងការដេញតាមកម្ទេចមជ្ឈមណ្ឌលឆបោក នៅទូទាំងពិភពលោក ដោយរឹបអូសប្រាក់ជាង១៧ពាន់លានដុល្លារ។ ទន្ទឹមគ្នានេះដែរ ប្រជាជនអាម៉េរិកាំងចំនួន១១០០០នាក់ ត្រូវបានការពារពីការឆបោក ដែលមានទឹកប្រាក់សរុប៦៧៥លានដុល្លារអាម៉េរិក។ ក្រុមឧក្រិដ្ឋជន តាមប្រព័ន្ធអ៊ិនធើរណេត លែងមានកន្លែងសុវត្ថិភាព សម្រាប់ការលាក់ខ្លួនរបស់ពួកគេបន្ដទៀតហើយ ទោះបីជាពួកគេព្យាយាមលាក់ខ្លួននៅទីណាក៏ដោយ ក៏យើងនឹងស្វែងរកពួកគេឃើញ ហើយយើងនឹងចាប់ខ្លួនពួកគេ យកមកផ្ដន្ទាទោសតាមច្បាប់៕



