
រដ្ឋធានីណៃពិដោ៖ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងសហគមន៍អន្ដរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើឃោរឃៅ និងធ្វើឱ្យបាក់មុខមាត់ដល់ប្លុកអាស៊ាន ក្រោយអំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានរុញច្រានឱ្យប្រទេសភូមា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ប៉ុន្ដែបច្ចុប្បន្ន ប្រទេសថៃ បែរជាចាប់ផ្ដើមងាកទៅរកប្រទេសផ្ដាច់ការមួយនេះ ព្រោះមានតម្រូវការឧស្ម័នធម្មជាតិ...។

ប្រព័ន្ធផ្សព្វផ្សាយថៃ ខានសដ បានចេញផ្សាយព័ត៌មាននេះនៅរសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះថា បើតាមការិយាល័យព័ត៌មានរបស់លោកប្រធានាធិបតីភូមា បានឱ្យដឹងថា រដ្ឋមន្រ្ដីក្រសួងថាមពលថៃ លោក អេកណាក់ ព្រហ្មផាន់ (อกนัฏ พร้อมพันธุ์) បានជួបជាមួយលោកប្រធានាធិបតីភីមា មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្ដិការលើវិស័យថាមពល និងឧស្ម័នធម្មជាតិ។ ជំនួបនេះ ធ្វើឡើងនៅក្នុងវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានីណៃពិដោ ដោយផ្ដោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង ទៅកាន់រាជធានីបាងកក កាលពីពេលថ្មីៗ ក៏ដូចជា កិច្ចសហប្រតិបត្តិការ លើការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ការិយាល័យព័ត៌មានរបស់ប្រធានាធិបតីភូមា បានបញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាអំពីយុទ្ធសាស្រ្ដ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្ម័នធម្មជាតិ រវាងប្រទេសជិតខាងទាំង២។ នៅក្នុងជំនួបនេះ ក៏មានការចូលរួមពីរដ្ឋមន្រ្ដីភូមា រួមមាន៖ លោក ឃីន មួងយី (Khin Maung Yi) រដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថាន, លោក ទីន មួងស្វេ (Tin Maung Swe) រដ្ឋមន្រ្ដីក្រសួងការបរទេស និងលោក កូ កូ ល្វីន (Ko Ko Lwin) រដ្ឋមន្រ្ដីក្រសួងថាមពល រួមជាមួយលោក ថ័រ សារ៉ាឡាមបា (Tor Saralamba) ឯកអគ្គរាជទូតថៃ ប្រចាំនៅប្រទេសភូមា និងមន្រ្ដីជាច្រើនរូបផ្សេងទៀត នៃប្រទេសទាំង២។

របបយោធាភូមា កាលពីខែមិថុនា ឆ្នាំ២០២៦ បានប្រកាសអំពីការរកឃើញថ្មី នូវប្រភពឧស្ម័នដ៏មហាសាល នៅតាមឆ្នេរសមុទ្ទអាយ៉េយ៉ាវ៉ាឌី (Ayeyarwady) ដោយមានបរិមាណឧស្ម័នធម្មជាតិ រហូតដល់១៤ពាន់ពាន់លាន ឬទ្រីលលានហ្វីតគុប ឬស្មើនឹងប្រហែលជិត៣៩៧ពាន់លានម៉ែត្រគុប និងតានីនថាយី (Tanintharyi) ដែលប៉ាន់ប្រមាណថា មានរហូតដល់៩៥ពាន់ពាន់លាន ឬទ្រីលលានហ្វីតគុប ឬស្មើប្រហែលជាង២,២៩០ពាន់ពាន់លានម៉ែត្រគុប នៅក្នុងតំបន់ទឹកជ្រៅ ដូចជា ប្លុក M15…ជាដើម៕



