
រាជធានីបាងកក៖ មិនត្រឹមតែលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ យ៉ាងស្អេកស្កះនោះទេ តែប្រទេសថៃ ក៏ឧហ្សាហ៍ឮព័ត៌មានអំពីការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ និងមានចំនួនច្រើនៗផងដែរ។ ពេលខ្លះ មានរាប់រយគីឡូក្រាម ពេលខ្លះដល់តោន ហើយថែមទាំងបើកការបាញ់ប្រហារគ្នា យ៉ាងសាហាវទៀតផង។ ទោះយ៉ាងណា ការចរាចរ និងការហូរចូលគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ នៅថៃ ហាក់ដូចជាមិនស្បើយឡើយ។

ករណីដ៏ធំមួយទើបនឹងកើតឡើង! ក្រុមឧក្រិដ្ឋជនគ្រឿងញៀន២នាក់ និងកងកម្លាំងតម្រួត បានបាញ់ប្រហារគ្នាមួយប្រាវ នៅខេត្តពេជ្របុរី (เพชรบุรี) កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ហើយចុងក្រោយ ឧក្រិដ្ឋជនទាំង២នាក់នោះ ក៏ត្រូវក្ស័យជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World នៅថ្ងៃទី២១ ខែតុលា។ ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ (Crystal Methamphetamine) ឬហៅថា ម៉ាទឹកកក (Ice) ប្រមាណកន្លះតោន។ ឧក្រិដ្ឋជនទាំង២នាក់ ដែលត្រូវបានបាញ់សម្លាប់ មានឈ្មោះ ឆាត់ថារិន (ฉัตรธรินทร์ Chattharin) និងឈ្មោះ រុង អារុន (รุ่งอรุณ Rungarun)។ ពួកគេទាំង២នាក់ មានអាយុ២៧ឆ្នាំដូចគ្នា និងមានទីលំនៅក្នុងស្រុក ដាំនឿន សាដុក (ดำเนินสะดวก) ខេត្តរាជបុរី (ราชบุรี)។

ផ្តើមការស៊ើបអង្កេតដំបូង តាំងពីនៅខេត្តឈៀងម៉ៃ (เชียงใหม่ ) មកម្ល៉េះ! កងកម្លាំង និងក្រុមមន្ត្រីដែលមានមូលដ្ឋាននៅខេត្តនេះ បានស៊ើបអង្កេតបណ្តាញមួយដែលសង្ស័យថា បានដឹកជញ្ជូនគ្រឿងញៀនក្នុងបរិមាណច្រើន ទៅកាន់តំបន់ភាគខាងត្បូងប្រទេសថៃ។ ក្រុមស៊ើបអង្កេត បានតាមដាន រហូតដឹងថា ពួកជនល្មើស បានប្រើប្រាស់រថយន្ត២គ្រឿងសម្រាប់ដឹកជញ្ជូនគ្រឿងញៀន។ នៅម៉ោងប្រហែល៧កន្លះយប់ក្នុងថ្ងៃកើតហេតុ កងកម្លំង និងក្រុមមន្ត្រី បានប្រទះឃើញរថយន្ត១គ្រឿង ដែលមានផ្លាកលេខចុះបញ្ជីនៅខេត្តរាជបុរី ចតនៅតំបន់ដាច់ស្រយាល១កន្លែង។ បន្ទាប់មក បុរសជាជនសង្ស័យទាំង២នាក់ បានមកដល់រថយន្តនោះ។

សារព័ត៌មាន Thai PBS World បានរាយការណ៍ដោយដកស្រង់ការលើកឡើងរបស់ប៉ូលិសថា នៅពេលក្រុមសមត្ថកិច្ច បង្ហាញខ្លួន ស្រាប់តែជនសង្ស័យទាំង២នាក់ បើកការបាញ់ប្រហារតែម្ដង ហើយក្រុមសមត្ថកិច្ច បានបាញ់តបតវិញ បណ្ដាលឱ្យជនសង្ស័យទាំង២នាក់ស្លាប់ នៅកន្លែងកើតហេតុភ្លាមៗ។ មិនមានសេចក្តីរាយការណ៍ថា មន្រ្តី និងកម្លាំងសមត្ថកិច្ច ត្រូវរបួសនោះទេ។ គួរដឹងថា នៅប្រទេសថៃ មិនមែនគ្រាន់តែជាការបង្ក្រាបករណីនាំចូល ឬចរាចរគ្រឿងញៀននោះទេ តែពេលខ្លះ សមត្ថកិច្ច ក៏រកឃើញរោងចក្រ ឬទីតាំងលួចផលិតគ្រឿងញៀនផងដែរ។ នៅអាស៊ាន គេដឹងច្បាស់ថា ថៃ ជាប្រទេសដែលបើកឱ្យដាំកញ្ឆាយ៉ាងទូលាយ ហើយការដាំកញ្ឆានេះ បានប្រែក្លាយជាវិបត្តិមួយ ក្នុងសង្គមថៃ៕











