
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោង ស្តីពីការការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែតុលានេះ លោក សេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ បានស្នើដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជួយការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ឱ្យពួកគេរស់នៅ និងធ្វើការនៅក្រៅប្រទេស ដោយសុវត្ថិភាព ប្រកបដោយសេចក្ដីថ្លៃថ្នូរ…។

នៅចំពោះមុខតំណាងអង្គការ ILO, ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU), ប្រធានគម្រោងការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍ការងារ, តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, សមាគមនិយោជក, សហជីព, អង្គការជាតិ-អន្តរជាតិ, និងដៃគូអភិវឌ្ឍន៍ លោក សេង សក្ដា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើការការពារ លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ ព្រមទាំងផ្តល់កិច្ចគាំពារសង្គមសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។ លើសពីនេះ ក៏បានចាត់ទុក ទេសន្តរប្រវេសន៍ការងារ ជាជម្រើសបន្ថែមលើឱកាសការងារក្នុងស្រុកដែលមានស្រាប់ និងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។

លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ដូច្នេះ កម្ពុជាក៏សូមស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តប្តេជ្ញាចិត្តរួមគ្នាការពារជនទេសន្តរប្រវេសន៍ការងារខ្មែរគ្រប់រូប ធានាធ្វើយ៉ាងណាឱ្យពួកគេអាចរស់នៅ និងធ្វើការដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងមានក្ដីសង្ឃឹម។ រដ្ឋលេខាធិការក្រសួងការងារ ក៏បានរំឭកឡើងវិញពីពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញយ៉ាងគំហុក ខណៈរាជរដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទទួល។ តាមរយៈយន្តការដោះស្រាយរបស់ក្រសួងការងារ ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានជួយអតីពលករខ្មែរមកពីថៃ ប្រមាណ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងស្រុក៕




