
រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ និងវិលត្រលប់ពីក្រៅប្រទេសមកលេងស្រុកកំណើតជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងនោះរយៈពេល៩ថ្ងៃដើមខែមេសានេះ មានពលរដ្ឋខ្មែរជាង៥ម៉ឺនបានវិលមកស្រុកកំណើត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ឆ្នាំ២០២៥..។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា៖«គិតត្រឹមថ្ងៃ៩មេសានេះ មានពលករវិលត្រឡប់មកកម្ពុជា ចំនួន៥៣៩៧៩នាក់»។ ជាការបញ្ជាក់បន្ថែមរបស់លោក ចំនួននេះ គឺមានការថយចុះប្រមាណជា៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ តែទោះជាយ៉ាងណា ចំនួនពលករគឺនៅតែមានការប្រែប្រួលជាបន្តបន្ទាប់ ដ្បិតពិធីបុណ្យចូលឆ្នាំថ្មីមិនទាន់ឈានចូលមកដល់។ តាមការផ្សាយរបស់ក្រសួងការងារលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងបានបញ្ជូនក្រុមការងារនៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ក្នុងការធ្វើដំណើរចូលតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

ទន្ទឹមគ្នានោះ មន្ត្រីក្រសួងគូសបញ្ជាក់ថា ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នៅតាមច្រកព្រំដែនអន្តរជាតិពុំមានការបង់ប្រាក់លើសេវា ចេញ-ចូលទេ ខណៈពួកគេសម្ដែងក្ដីរីករាយជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនោះ។ សូមជម្រាបថា ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) ចាប់ផ្តើមអនុវត្តពីថ្ងៃទី១មេសា រហូតដល់ថ្ងៃទី១៥ឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ៕





