អភិបាលខេត្តត្បូងឃ្មុំ ណែនាំអាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើជីវភាពពលករវិលត្រឡប់ពីថៃ
S
Soriya Sou
08 តុលា 2025 04:15 AM

ក្រុងសួង៖ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះបញ្ហាជីវភាពរបស់បងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ…។

លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ 
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ 

កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីថៃ ប្រមាណជិត៧០០នាក់។ ក្នុងឱកាសនោះ លោកបានលើកឡើងពីការយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ធានាដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់សាសនា និង និន្នាការនយោបាយឡើយ។ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ ពលករខ្មែរនៅថៃបានវិលត្រឡប់ចូលមកកម្ពុជាវិញយ៉ាងច្រើនគំហុក និងនៅតែបន្តវិលត្រឡប់មកស្រុកកំណើតជាបន្តបន្ទាប់ ខណៈអ្នកខ្លះរកបានការងារធ្វើ ខ្លះទៀតក៏រកមិនទាន់បាន។

ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនពលករ លោក ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាព ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ។ លោកក៏បានណែនាំបន្ថែមឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ត្រូវគិតគូរស្វែងរកការងារជូនពួកគាត់ ជាពិសេស សម្រាប់បងប្អូនពលករណាមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា គិតត្រឹមដើមខែតុលានេះ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ មានប្រមាណ៩៤ម៉ឺននាក់ ហើយក្រសួងបានជួយសម្របសម្រួលស្វែងរកការងារជូនពួកគាត់មានការងារធ្វើជាង៣០ម៉ឺននាក់៕

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ 
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត