ចិត្តព្រៃផ្សៃមែន! អាជ្ញាធរខេត្តប៉ៃលិន ជួយសង្រ្គោះពលករខ្មែរម្នាក់ឈឺធ្ងន់ ដែលថៃទុកចោលមិនព្យាបាល
S
Soriya Sou
09 កក្កដា 2025 04:19 AM

ក្រុងប៉ៃលិន៖ តបតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ត្រូវបានមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះទៅសម្របសម្រួលដើម្បីទទួលយកមកព្យាបាលនៅកម្ពុជាភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានថា ពលករខ្មែររូបនោះមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានថៃទុកចោលមិនព្យាបាល…។

ពលករខ្មែរធ្វើការនៅប្រទេសថៃ ឈ្មោះ ស្កា ស៊ុ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យកម្ពុជាជួយសង្រ្គោះ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ ឈ្មោះ ស្កា ស៊ុ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យកម្ពុជាជួយសង្រ្គោះ។

ការសម្របសម្រួលទទួលយកពលករខ្មែរខាងលើ ធ្វើឡើងកាលពីថ្ងៃអង្គារទី៨កក្កដាម្សិលមិញ តាមការណែនាំរបស់លោកស្រីអភិបាលខេត្តប៉ៃលិន។ ពលករខ្មែរដែលកំពុងមានជំងឺ ហើយត្រូវថៃទុកចោលមិនព្យាបាលនោះ មានឈ្មោះ ស្កា ស៊ុ ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជាពលករបេះផ្លែឈើនៅប្រទេសថៃ។ គាត់មានរោគសញ្ញា៖ អស់កម្លាំង, ឈឺក្បាល, វិលមុខ, រាគ, ភ្នែកក្រហម, ចេញកន្ទួលក្រហមពេញខ្លួន និងធ្លាប់មានជំងឺតេតាណុស។ គ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានធ្វើការសន្និដ្ឋានបឋមថា បុរសខាងលើអាចមាន ជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន បានអះអាងថា ក្រោយបានទទួលដំណឹងថា មានពលករខ្មែរមានជំងឺធ្ងន់ធ្ងរនៅប្រទេសថៃ ដោយមិនមានការព្យាបាល ព្រមទាំងទុកចោលនោះ លោកស្រីអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារធ្វើការទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរយកមកព្យាបាលនៅប្រទេសកម្ពុជា បានទាន់ពេលវេលា។ បច្ចុប្បន្ន ពលកររូបនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីរដ្ឋបាលខេត្តប៉ៃលិន ទាំងលើការព្យាបាល និងអាហារហូបចុក និងជូនដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីជំងឺបានជាសះស្បើយ។ នេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះសុខទុក្ខរបស់ពលករចំណាកស្រុក។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរកម្ពុជាសម្របសម្រួលទទួលយកពលករខ្មែរ ធ្វើការនៅប្រទេសថៃមកព្យាបាលនៅកម្ពុជា ក្រោយពួកគេមិនទទួលបានការយកចិត្តទុកដាក់ពីភាគីថៃ។ ជាក់ស្ដែង កាលពីថ្ងៃទី២៧មិថុនា កន្លងទៅ ក៏មានករណីពលករខ្មែរម្នាក់សម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ តែគាត់ត្រូវបានភាគីថៃទុកចោលមិនមានការព្យាបាលឡើយ។ ក្រោយទទួលដំណឹងភ្លាម ពលកររូបនោះត្រូវបានលោកស្រីអភិបាលខេត្តប៉ៃលិន ចាត់មន្រ្តីឱ្យចុះអន្តរាគមន៍ភ្លាមៗ ហើយបញ្ជូនមកព្យាបាលនៅកម្ពុជា បានទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត