
រាជធានីភ្នំពេញ៖ លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ប្រឹងប្រែងបំពេញការងារផ្ដល់ឯកសារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១លាននាក់ ដែលទើបវិលត្រលប់មកពីប្រទេសថៃវិញឱ្យបានឆាប់រហ័សបំផុត…។

ការណែនាំរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ នាព្រឹកថ្ងៃទី១២សីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានគោលដៅ ធ្វើឱ្យសម្រេចបាន នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋចំណាកស្រុក ដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ហើយត្រូវការឯកសារអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងកិច្ចប្រជុំ លោក តុប នេត បានជំរុញឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេស នាយកដ្ឋានជំនាញចំនួន៣ រួមមាន៖ ១.ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន, ២.ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ, និង៣.ការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញឱ្យបានលឿន និងឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាន

សូមជម្រាបថា ទន្ទឹមនឹងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋកម្ពុជាជិត១លាននាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី១១សីហាម្សិលមិញ ក៏បានប្រកាសលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការងារសម្រាប់ពលរដ្ឋកម្ពុជា ដែលទើបមកពីប្រទេសថៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងនោះ លោកក៏បានប្រាប់ដល់បណ្ដារោងចក្រ សហគ្រាស ដែលជ្រើសរើសពលករកម្ពុជា ធ្វើការ កុំទាមទារអត្តសញ្ញាណបណ្ណពីពួកគេ តែអាចយកជំនួសវិញនូវឯកសារមួយចំនួន រួមមាន៖ សំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ, លិខិតឆ្លងដែន, លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច៕





