
រដ្ឋធានីសេអ៊ូល៖ ក្រោយមានការអះអាងពីប្រភពផ្សេងៗ អំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ថាបានស្លាប់ ព័ត៌មាននេះ បានរីករាលដាល លើបណ្តាញសង្គម និងនៅតាមបណ្តាស្ថាប័នព័ត៌មានជាច្រើនទៀត ដែលស្ថានភាពនេះ អាចនឹងបង្កឱ្យមានសង្គ្រាមស៊ីវិល នៅក្នុងប្រទេសកូរ៉េខាងជើង ខណៈមេទ័ពកំពូលសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូង ប្រកាសអំពីការត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែង នៅលើឧបទ្វីប។

សារព័ត៌មានអង់គ្លេស Daily Star បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះថា ភាពមិនពិតប្រាកដ ជុំវិញសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន កំពុងបង្កឱ្យមានក្ដីព្រួយបារម្ភ អំពីសង្គ្រាមស៊ីវិល នៅក្នុងប្រទេសកូរ៉េខាងជើង។ ស្ថានការណ៍នេះ កើតឡើងបន្ទាប់ពីមានការអះអាងថា ប្រទេសចិន បានបញ្ជូនកងទ័ព ចំនួន៩០០០នាក់ ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បី«រក្សាលំនឹង»ស្ថានភាព បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីបញ្ហាសុខភាពរបស់មេដឹកនាំផ្តាច់ការរូបនេះ។ ពាក្យចរចាមអារ៉ាមអំពីលោក គីម ជុងអ៊ុន ស្លាប់ កំពុងផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម និងតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយនានា។ ការអះអាងបែបនេះ នៅមិនទាន់មានព័ត៌មានណាមួយ អាចផ្ទៀងផ្ទាត់បាននៅឡើយទេ។ ស្របគ្នានេះដែរ អាជ្ញាធររដ្ឋធានីព្យុងយ៉ាង បានបញ្ចេញរូបភាពមួយចំនួន នៅក្នុងគោលបំណងបញ្ជាក់ថា លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ។

ពាក្យចរចាមអារ៉ាមចាប់ផ្ដើមផ្ទុះឡើង បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គម X ដោយ លោក វ៉ាន់ជុន ហ្ស៊ី (Wanjun Xie) ដែលជាជនជាតិចិន ប្រឆាំងនឹងរដ្ឋាភិបាល និងកំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក។ កាលពីថ្ងៃចន្ទ លោក ហ្ស៊ី បានអះអាងថា លោក គីម ជួបប្រទះបញ្ហាហូរឈាមនៅក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដល់បាត់បង់ស្មារតី ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវេជ្ជសាស្ត្រ សហភាពប៉េកាំង (Peking Union Medical College) ស្ថិតក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រនៅប្រទេសកូរ៉េខាងជើង មានការខ្វះខាត និងមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ។

ការផ្សព្វផ្សាយព័ត៌មានពីមរណភាពរបស់លោក គីម ជុងអ៊ុន កើតឡើងចំពេលស្ថានការណ៍ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងតានតឹងដាក់គ្នា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នា ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូ ជុង (Kim Yo Jong) ដែលជាស្ដ្រីមានឥទ្ធិពលបំផុតនៅប្រទេសកូរ៉េខាងជើង បានបញ្ជាឱ្យកងទ័ព ត្រៀមខ្លួនចាត់ការទៅលើប្រទេសកូរ៉េខាងត្បូង ប្រសិនបើបង្កហេតុ។ ដោយឡែក មេបញ្ជាការទី៨ នៃកងទ័ពសហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាម៉េរិក ត្រូវតែត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែង នៅលើឧបទ្វីបកូរ៉េ។

លោកឧត្ដមសេនីយ៍ឯក ចូសេហ្វ ហ៊ីលប៊ឺត (Joseph Hilbert) មេបញ្ជាការទី៨ នៃកងទ័ពសហរដ្ឋអាម៉េរិក ប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្ដល់បទសម្ភាសតាមអ៊ីមែល ជាមួយសារព័ត៌មានចិនហុងកុង South China Morning Post (SCMP) កាលពីថ្ងៃពុធ ហើយត្រូវបានទូរទស្សន៍កូរ៉េខាងត្បូង Arirang ដកស្រង់ យកមកផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២២តុលានេះថា ការផ្តោតអារម្មណ៍តែទៅលើការគំរាមកំហែងនានា នៅលើឧបទ្វីបកូរ៉េតែមួយមុខ គឺជារឿងដែលខ្វះការទទួលខុសត្រូវ។ បច្ចុប្បន្ន កងកម្លាំងសហរដ្ឋអាម៉េរិក ត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់បេសកកម្ម នៅតំបន់ផ្សេងៗទៀត និងបន្តការហ្វឹកហ្វឺនជាប្រចាំថ្ងៃ ជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។

ការលើកឡើងរបស់មេទ័ពរូបនេះ ធ្វើឡើងនៅក្នុងបរិបទមួយដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន កំពុងជំរុញឱ្យមានភាពបត់បែនជាយុទ្ធសាស្ត្រកាន់តែខ្លាំង សម្រាប់កងកម្លាំងសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូង អាចអនុវត្តបេសកកម្មនៅក្រៅឧបទ្វីបកូរ៉េបាន រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងប្រទេសចិនផងដែរ៕



