ជប៉ុន ត្រៀមបាញ់រ៉ុក្កែតទៅព្រះចន្ទរបស់ភពអង្គារ មុនអាម៉េរិក និងចិន
N
Nary Vann
•
12 ម៉ោងមុន

រាជធានីតូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន គ្រោងនឹងបាញ់បង្ហោះយានអវកាស ក្នុងបេសកកម្មប្រវត្តិសាស្ត្រមួយឈ្មោះថា Martian Moons eXploration (MMX) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ គោលដៅចម្បងនៃបេសកកម្មនេះ គឺធ្វើដំណើរទៅកាន់ព្រះចន្ទ Phobos ដែលជាព្រះចន្ទធំជាងគេរបស់ភពអង្គារ ដើម្បីប្រមូលសំណាកដី និងថ្ម យកមកកាន់ភពផែនដីវិញ។

យានអវកាស MMX នឹងត្រូវបាញ់បង្ហោះឡើងទៅលើលម្ហអាកាសដោយប្រើប្រាស់រ៉ុក្កែតជំនាន់ថ្មី H3 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន។ យាននេះ នឹងចំណាយពេលធ្វើដំណើរប្រហែល១ឆ្នាំ ដើម្បីទៅដល់គន្លងភពអង្គារនៅឆ្នាំ២០២៧ រួចបន្តសិក្សា និងស្វែងរកទីតាំងចុះចតរយៈពេល៣ឆ្នាំ។ នៅក្បែរឆ្នាំ២០២៩ ឬឆ្នាំ២០៣០ យាន MMX នឹងបញ្ចេញយានរុករកតូចមួយឈ្មោះថា Idefix (អភិវឌ្ឍរួមគ្នាដោយបារាំង និងអាល្លឺម៉ង់) ដើម្បីពិនិត្យផ្ទៃដី មុនពេលយានមេចុះចតផ្អឹបខ្លួនលើព្រះចន្ទ Phobos ដើម្បីបូម ឬខួងយកដី និងថ្ម ឱ្យបានយ៉ាងហោចណាស់១០ក្រាម។ យាននេះ គ្រោងនឹងនាំយកកន្សោមផ្ទុកសំណាកដីលម្ហទាំងនោះ ត្រឡប់មកធ្លាក់ចុះចតនៅប្រទេសអូស្ត្រាលី និងដឹកបន្តមកកាន់ជប៉ុនវិញ នៅឆ្នាំ២០៣១។

ជប៉ុនជ្រើសរើសយកព្រះចន្ទ Phobos របស់ភពអង្គារ ដោយសារវាស្ថិតនៅកៀកនឹងភពអង្គារខ្លាំង ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រជឿថា ផ្ទៃដីរបស់វា អាចនឹងផ្ទុកទៅដោយកម្ទេចកម្ទី និងធូលីដីដែលហោះចេញពីភភអង្គារ ដោយសាររការបុកទង្គិចនៃអាចម៍ផ្កាយរាប់លានឆ្នាំមុន។ ដូច្នេះ ការយកដីពីព្រះចន្ទ Phobos ក៏អាចជួយឱ្យគេសិក្សាដឹងពីអាថ៌កម្បាំង ព្រមទាំងប្រភពដើមនៃទឹក និងទម្រង់ជីវិតធ្លាប់មាននៅលើភពអង្គារផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត