ចិនទម្លាក់កំហុសទាំងស្រុងលើជប៉ុន រឿងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះ
N
Nary Vann
•
13 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការធ្លាក់ចុះ និងភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបានជំរុញឱ្យមេដឹកនាំជប៉ុនបច្ចុប្បន្ន កែប្រែកំហុសឆ្គងជាប្រវត្តិសាស្ត្រ និងជំហរលើបញ្ហាកោះតៃវ៉ាន់។  

លោកស្រី ម៉ៅ នីង
លោកស្រី ម៉ៅ នីង

ប្រតិកម្មយ៉ាងរ៉ឹងប៉ឹងរបស់រដ្ឋធានីប៉េកាំង ធ្វើឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) បានលើកឡើងក្រោយទស្សនកិច្ចនៅចិនថា ជប៉ុនគឺជាអ្នកទទួលខុសត្រូវចំពោះការខូចខាតទំនាក់ទំនងទ្វេភាគី ហើយរដ្ឋាភិបាលជប៉ុនគួរតែស្វែងរកផ្លូវកែលម្អទំនាក់ទំនងឡើងវិញ។ លោកស្រី ម៉ៅ នីង បានស្វាគមន៍សម្តីនេះដោយសង្កត់ធ្ងន់ថា នេះជា «មនសិកា និងភាពត្រឹមត្រូវ» របស់បុគ្គលជប៉ុនដែលមានការយល់ដឹងជ្រៅជ្រះ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ឫសគល់នៃវិបត្តិទំនាក់ទំនងទ្វេភាគី បណ្ដាលមកពី «ការបង្ខូចការពិត និងកំហុសឆ្គងធ្ងន់ធ្ងរនៃទស្សនៈប្រវត្តិសាស្ត្រ» របស់មេដឹកនាំជប៉ុនចំពោះប្រទេសចិន ដែលបានបំផ្លាញគ្រឹះនយោបាយនៃប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរ។ 

លោកស្រី បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នមិនផ្តល់ផលប្រយោជន៍ឱ្យភាគីណាមួយឡើយ ហើយភារកិច្ចក្នុងការទាញទំនាក់ទំនងមកលើមាគ៌ាត្រឹមត្រូវវិញ គឺស្ថិតនៅលើជប៉ុនទាំងស្រុង។ លើសពីនេះ ចិនបានអំពាវនាវឱ្យមេដឹកនាំជប៉ុន ស្ដាប់សំឡេងនៅក្នុងប្រទេសខ្លួន គោរពតាមឯកសារនយោបាយទាំង៤ រវាងចិន-ជប៉ុន ព្រមទាំងពិចារណា និងកែប្រែកំហុសឆ្គងលើបញ្ហាប្រវត្តិសាស្ត្រ ដែនកោះតៃវ៉ាន់ និងការយល់ឃើញមកលើប្រទេសចិនដោយស្មោះត្រង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត