
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានប្រកាសអំពីផែនទីបង្ហាញផ្លូវថ្មីមួយសម្រាប់ការបង្កើតទីបញ្ជាការសង្គ្រាមស្វ័យប្រវត្តិ (Autonomous Warfare Command) ឬអូតូវ៉រខម (AUTOWARCOM) ជាមួយនឹងគោលបំណងពន្លឿននូវការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់នូវយន្តហោះគ្មានមនុស្សបើក ឬដ្រូន ប្រព័ន្ធមនុស្សយន្ត និងប្រព័ន្ធយោធាស្វ័យប្រវត្តិផ្សេងៗទៀត។

ទស្សនាវដ្ដីសហរដ្ឋអាម៉េរិក The National Interest បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះថា កិច្ចខិតខំប្រឹងប្រែងស្ថិតក្រោមគម្រោង Agincourt (អេហ្គីនខត) ត្រូវបានបង្កើតឡើងតាមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្រ្ដីក្រសួងសង្គ្រាម លោក ផេត ហេគសេត (Pete Hegseth)។ សេចក្ដីប្រកាសនេះ បង្ហាញសញ្ញាអំពីមហិច្ឆតារបស់មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នៅក្នុងការផ្លាស់ប្ដូរ ចេញពីដំណើរការលទ្ធកម្ម ដែលមានការយឺតយ៉ាវ ឆ្ពោះទៅរកការសាកល្បងយ៉ាងឆាប់រហ័ស នៅលើសមរភូមិ។ បើនិយាយតាមពិតទៅ កងទ័ពសហរដ្ឋអាម៉េរិក ហាក់បីដូចជាកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់សង្គ្រាមប្រើប្រាស់ដោយប្រព័ន្ធស្វ័យប្រវត្តិ។ គោលដៅបច្ចុប្បន្ន គឺបង្កើតទីបញ្ជាការថ្មីមួយ ក្រោមការដឹកនាំរបស់មេទ័ពកម្រិតផ្កាយបួន ដោយចាប់ផ្តើមដំណើរការនៅដើមឆ្នាំសារពើពន្ធ២០២៧ ពោលគឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៧ ខាងមុខ។

គម្រោង Agincourt ជាគំនិតផ្តួចផ្តើមមួយមានបេសកកម្មធំចំនួនពីរ ក្រោមការដឹកនាំដោយនាយកអង្គភាពនវានុវត្តន៍ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក (Defense Innovation Unit ឬ DIU) លោក អូវិន វែស្ដ (Owen West) និងលោក ម៉ាក្ស ស្ដ្រាស៊ីស័រ (Max Strasiser) មេបញ្ជាការនៃកងកម្លាំងពិសេសបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក។ បេសកកម្មទីមួយ គឺការបង្កើតទីបញ្ជាការ AUTOWARCOM នៅដើមឆ្នាំសារពើពន្ធ២០២៧ (FY27) ហើយត្រូវផ្តល់«សិទ្ធិអំណាចគ្រប់បែបយ៉ាង» ជូនមេបញ្ជាការ វែស្ដ និងលោក ស្ដ្រាស៊ីស័រ តាមអ្វីដែលលោកមេបញ្ជាការត្រូវការ ដើម្បីជំរុញការផ្លាស់ប្ដូរស្ថាប័នដ៏ធំបំផុតមួយ ចាប់តាំងពីសម័យកាល ចន្លោះសង្គ្រាមលោកទាំងពីរ រហូតមក។ បេសកកម្មទី២ គឺការបន្តការងាររបស់ការិយាល័យគ្រប់គ្រងប្រព័ន្ធដ្រូន ស្របតាមការបង្កើតគំរូថ្មីមួយ សម្រាប់លទ្ធកម្មបច្ចេកវិទ្យាទំនើបៗ។

ទីបញ្ជាការដែលបានស្នើឡើង នឹងដឹកនាំដោយមេបញ្ជាការកម្រិតផ្កាយបួន។ គោលបំណងរបស់ទីបញ្ជាការសង្គ្រាមស្វ័យប្រវត្តិនេះ មិនមែនគ្រាន់តែជាការទិញយន្តហោះគ្មានមនុស្សបើក ឬដ្រូនបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើតប្រព័ន្ធស្ថាប័នថ្មីមួយ ដែលមានសមត្ថភាពសម្របខ្លួន ទៅនឹងមុខងារស្វ័យប្រវត្តិ នៅក្នុងស្ថានភាពជាក់ស្តែង ស្របតាមការប្រែប្រួល នៃស្ថានការណ៍នៅលើសមរភូមិ។ នៅពេលអនាគត ក្រុមហ៊ុនផលិតមនុស្សយន្ត អាចនឹងធ្វើការដោយផ្ទាល់ ជាមួយអង្គភាពយោធាដែលកំពុងប្រតិបត្តិការ ដែលនឹងជួយឱ្យការអភិវឌ្ឍមានភាពស៊ីសង្វាក់គ្នា និងដំណើរការទៅមុខ កាន់តែលឿន។ នេះជាកិច្ចសហការគ្នាដ៏មានប្រសិទ្ធភាព នៅលើសមរភូមិ ដូចអ្វីដែលធ្លាប់បង្ហាញឱ្យឃើញរួចមកហើយ នៅក្នុងប្រទេសអ៊ុយក្រែន ជាទីដែលភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុនអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬដ្រូន និងកងទ័ពជើងគោកនៅសមរភូមិជួរមុខ បានជួយកាត់បន្ថយរយៈពេលនៃវដ្ត សម្រាប់ការបង្កើតថ្មី ពីរយៈពេលរាប់ខែ មកនៅត្រឹមតែរយៈពេលរាប់ថ្ងៃប៉ុណ្ណោះ៕




