នេតាន់យ៉ាហ៊ូ គំរាមផ្ដួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែលបញ្ជូនយន្ដហោះចម្បាំងរាប់សិបគ្រឿងទៅព្រំដែន
S
Sinuon Nop
•
3 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែ បេនចាមីន នេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារផ្ដួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ក្រោយរដ្ឋាភិបាលរដ្ឋធានីតែលអាវីវ បញ្ជូនយន្ដហោះចាក់ប្រេងនៅលើអាកាស និងយន្ដហោះចម្បាំងរាប់សិបគ្រឿង ទៅកាន់ព្រំដែននៃប្រទេសអាស៊ីខាងលិចមួយនេះ។ សកម្មភាពបែបនេះ ធ្វើឱ្យក្រុមអ្នកវិភាគលើកឡើងថា សង្គ្រាមជាមួយរដ្ឋធានីតេហេរ៉ង់ អាចនឹងផ្ទុះឡើងជាថ្មី ខណៈស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បន្ដតានតឹង...។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ

សារព័ត៌មានសហរដ្ឋអាម៉េរិក Axios (អែស៊ីយ៉ូស) បានរាយការណ៍កាលពីថ្ងៃពុធទី២១ ខែតុលាថា អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបញ្ជូនយន្ដហោះចាក់ប្រេង និងយន្ដហោះចម្បាំងរាប់សិបគ្រឿង ទៅកាន់ព្រំដែនអ៊ីរ៉ង់ ដោយបានហោះឆ្លងកាត់ដែនអាកាសប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ បន្ទាប់មក យន្តហោះទាំងនោះ ក៏បានហោះត្រឡប់មកវិញ បន្ទាប់ពីហោះទៅជិតដល់ព្រំដែនអ៊ីរ៉ង់។ ក្រុមមន្រ្ដីអ៊ីស្រាអែល បានប្រាប់សហរដ្ឋអាម៉េរិក ថា សកម្មភាពនៃយន្ដហោះចម្បាំងរបស់ពួកគេ គ្រាន់តែជាការហោះហ្វឹកហ្វឺន សម្រាប់រារាំងនូវការគំរាមកំហែងពីអ៊ីរ៉ង់តែប៉ុណ្ណោះ។

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ

ដោយឡែក ក្រុមមន្រ្ដីអាម៉េរិកមួយចំនួន បានដាក់ការសង័្សយថា ការហោះទៅកាន់ព្រំដែនរបស់អ៊ីរ៉ង់ គឺអ៊ីស្រាអែល អាចមានចេតនាចង់ឱ្យអ៊ីរ៉ង់ បាញ់មីស៊ីលមកលើក្រុមយន្តហោះរបស់ពូកគេ ហើយចាប់យកហេតុផលទាំងនេះ ជាលេស សម្រាប់បើកការវាយប្រហារជាថ្មី ទៅលើទឹកដីប្រទេសអ៊ីរ៉ង់។ ស្របគ្នានេះដែរ បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News ក៏បានចេញផ្សាយផងដែរកាលពីយប់ថ្ងៃពុធទី២១តុលា ថា នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ  បានបញ្ជាក់កាលពីថ្ងៃពុធថា មធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ គឺមានតែការផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ តែប៉ុណ្ណោះ។

មេដឹនាំកំពូលអ៊ីរ៉ង់ លោក មូចតាបា ខាមេនី
មេដឹនាំកំពូលអ៊ីរ៉ង់ លោក មូចតាបា ខាមេនី

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងការឃោសនាស្វែងរកសំឡេងឆ្នោតមួយ នៅទីក្រុងឌីម៉ូណា (Dimona) ភាគខាងត្បូង ប្រទេសអ៊ីស្រាអែលថា៖ «អ៊ីរ៉ង់ចង់បំផ្លាញយើង ប៉ុន្តែយើងបានរារាំងពួកគេ។ ពួកគេចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែយើងក៏បានរារាំងពួកគេហើយដែរ..។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែបន្តធ្វើសកម្មភាពដដែល។ ដូច្នេះ មានមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់រឿងនេះ ត្រូវតែផ្ដួលរំលំរបបគ្រប់គ្រងរដ្ឋធានីតេហេរ៉ង់ ចោលតែប៉ុណ្ណោះ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត