
រាជធានីបាងកក៖ យោធាថៃ បានស្នើសុំបញ្ជូនសិក្ខាកាមយោធា ទៅសិក្សាពីការប្រយុទ្ធដោយប្រើរថពាសដែក និងរថក្រោះ នៅសាលាយោធាជំនាញផ្នែកកងកម្លាំងរថពាសដែកនៅប្រទេសចិន។ សារព័ត៌មានថៃមួយចំនួន ចុះផ្សាយថា សំណើនេះ ត្រូវបានលើកឡើងដោយ លោក សុរៈវុទ្ធ ជ័យបុត្រ (สรวุฒิ ไชยบุตร) ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកថៃ ក្នុងជំនួបពិភាក្សាទល់មុខជាមួយ លោក ចាង លីនហុង (Zhang Linhong) អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំរាជធានីបាងងក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦...។

សារព័ត៌មានថៃ ពុំបានបញ្ជាក់លម្អិតនោះទេ ថា ប្រទេសខ្លួន ចង់បញ្ចូនសិក្ខាកាមយោធាប៉ុន្មាននាក់ ទៅរៀនជំនាញប្រើរថពាសដែក និងរថក្រោះនៅចិន។ ក្រៅពីការបញ្ជូនសិក្ខាកាមយោធាទៅសិក្សានៅប្រទេសចិន ភាគីទាំង២ ក៏បានពិភាក្សាគ្នា អំពីការផ្លាស់ប្តូរកម្មវិធីសិក្សាយោធា និងចំណេះដឹងជំនាញ ដើម្បីឱ្យកងទ័ពថៃ អាចយកបទពិសោធដែលទទួលបានពីចិន ទៅអនុវត្តឱ្យសមស្របនឹងតម្រូវការ។ កិច្ចពិភាក្សានេះ ថែមទាំងផ្តោតលើការផ្លាស់ប្តូរព័ត៌មានគ្នា ទាក់ទងនឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត កិច្ចការដែនអវកាស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធតាមដានព្រំដែន និងបច្ចេកវិទ្យាយានអាកាសគ្មានមនុស្សបើក ជាដើម។ មិនមែនប៉ុណ្ណឹងទេ! បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ស្ថិតនៅលើតុពិភាក្សានេះដែរ។

សារព័ត៌មានថៃ រួមមាន PBS World, Naewna (នែវៈណា), និង Matichon (មតិជន) ចុះផ្សាយដូចគ្នាថា លោក ចាង លីនហុង អនុព័ន្ធយោធាចិន បង្ហាញជំហរអព្យាក្រឹតរបស់ប្រទេសខ្លួនដូចមុនដដែល ហើយនៅតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងតាមរយៈកិច្ចព្រមព្រៀងដែលមាន។ ជាការកត់សម្គាល់! ទោះផ្អាកសង្គ្រាមជាមួយកម្ពុជាក្តី តែថៃមិននៅស្ងៀមទេ។ ប្រទេសដែលកំពុងបន្តរំលោភបំពានទឹកដីកម្ពុជាមួយនេះ មិនត្រឹមតែព្យាយាមពង្រឹងជំនាញដល់កងទ័ពខ្លួន ដូចជា ការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសប៉ុណ្ណោះទេ តែត្រៀមកញ្ចប់ថវិកាបន្ថែមផងដែរ ដើម្បីទិញ និងពង្រឹងសព្វាវុធ៕









