ញ៉ាក់សាច់! ពេជ្រ សម្បត្តិ ដឹកនាំសិស្សប្អូន៩រូប ត្រៀមអង្រួនសង្វៀន Kombat Kun Khmer លើកទី២ ចុងខែនេះ
Chanmarady Chuon
មួយថ្ងៃមុន

គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរទ្រង់ទ្រាយធំ Kombat Kun Khmer លើកទី២ នឹងត្រឡប់មកបង្កើតបរិយាកាសអង្រួនសង្វៀនសាជាថ្មីម្ដងទៀត ដោយមានវត្តមានកំពូលអ្នកប្រយុទ្ធក្របីព្រៃ ពេជ្រ សម្បត្តិ ជាអ្នកដឹកនាំក្រុមកីឡាករ ដែលជាសិស្សប្អូនចំនួន៩រូប ចេញតតាំងជាមួយកំពូលអ្នកប្រយុទ្ធគុនខ្មែរមកពីបរទេស…។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ចាប់ពីម៉ោង១៨ៈ០០នាទីល្ងាចតទៅ នៅឯសាលកីឡាសម្ដេចពិជ័យសេនា (ស្តាតចាស់) រាជធានីភ្នំពេញ ដោយមានការបើកឆាកប្រយុទ្ធចម្រុះរវាងក្បាច់គុនខ្មែរ និងតៃខ្វាន់ដូ យ៉ាងជក់ចិត្ត។ ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌អរូបី និងជាក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។ ជាមួយគ្នា ក៏ជាការផ្ដល់ឱកាសមាសដល់កីឡាករគុនខ្មែរជំនាន់ក្រោយ បានឡើងបញ្ចេញសមត្ថភាពលើសង្វៀនស្ដង់ដារ ដើម្បីពង្រឹងកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឱ្យកាន់តែខ្លាំងក្លា។

ព្រឹត្តិការណ៍ Kombat Kun Khmer គឺជាកម្មវិធីប្រកួតក្បាច់គុនបុរាណខ្មែរដ៏ទាក់ទាញមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ ចាប់តាំងពីការរៀបចំ លើកទី១។ ព្រឹត្តិការណ៍នេះ ផ្តោតលើការផ្គូផ្គងគូប្រកួតជក់ចិត្ត និងការលើកកម្ពស់កម្រិតបច្ចេកទេសរបស់កីឡាករគុនខ្មែរ។ យោងតាមការបញ្ជាក់ពី លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា ព្រឹត្តិការណ៍ Kombat Kun Khmer លើកទី២ នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាជំហានយុទ្ធសាស្ត្រក្នុងការរុញច្រានក្បាច់គុនបុរាណខ្មែរ ឱ្យប្រែក្លាយជាកីឡាសកលលោក នាពេលអនាគត។ អ្នកស្នេហាវ៉ៃបុក និងអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងអស់ អាចចូលរួមទស្សនាដោយផ្ទាល់ ឬរង់ចាំតាមដានការប្រកួតនេះ ដើម្បីរួមគ្នាលើកស្ទួយ និងផ្តល់កម្លាំងចិត្តដល់កីឡាករតំណាងជាតិកម្ពុជា ទាំងអស់គ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត