កម្ពុជា-ឡាវ ជំរុញការតភ្ជាប់បណ្ដាញទំនាក់ទំនងវិស័យទេសចរណ៍ បង្កើនលំហូរភ្ញៀវពង្រីកឱកាសធុរកិច្ច
S
Soriya Sou
•
មួយម៉ោងមុន

រដ្ឋធានីវៀងច័ន្ទ៖ ក្នុងឱកាសអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសទាំងពីរ បានរួមគ្នាបើកកម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងវិស័យទេសចរណ៍ សំដៅបង្កើនរំហូភ្ញៀវ និងពង្រីកឱកាសធុរកិច្ច...។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី សាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងមានការចូលរួមពី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់។ លោក ហួត ហាក់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២តុលានេះថា ការសម្រួលនៃការធ្វើដំណើរឆ្លងកាត់ព្រំដែន, ការផ្ដល់ព័ត៌មានច្បាស់លាស់ អំពីលក្ខខណ្ឌចូលប្រទេស និងនីតិវិធីពាក់ព័ន្ធ, ការពង្រឹងតភ្ជាប់មធ្យោបាយដឹកជញ្ជូន, ព្រមទាំងការកែលម្អសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ កាន់តែងាយស្រួល មានសុវត្ថិភាព និងអាចទុកចិត្តបាន ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងជំរុញកំណើនរំហូរភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បន្ថែមថា ការតភ្ជាប់គោលដៅទេសចរណ៍ទាំងនេះ នឹងជួយបង្កើតបទពិសោធទេសចរណ៍ចម្រុះ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរកម្សាន្តមកប្រទេសទាំងពីរ ក្នុងដំណើរតែមួយ។ ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់គោលដៅទេសចរណ៍ឆ្លងដែន និងការបង្កើតឱកាសធុរកិច្ច និងការវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លោកបានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្សព្វផ្សាយរួម ការផ្គូផ្គងធុរកិច្ច បង្កើតភាពជាដៃគូវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ចីរភាព និងការប្រកួតប្រជែង។

លោក ហួត ហាក់ ណែនាំបន្ថែមឱ្យភាគីពាក់ព័ន្ធ ប្រែក្លាយការពិភាក្សាទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដែលវាជាកត្តាលិករដ៏សំខាន់ ក្នុងការពង្រឹងភាពជាដៃគូទេសចរណ៍កម្ពុជា-ឡាវ ដោយធានាថា ប្រជាជនប្រទេសទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ លើកទឹកចិត្តឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួម ដើម្បីតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ ជាពិសេស ខេត្តស្ទឹងត្រែង និងខេត្តចម្ប៉ាសាក់ផ្ទាល់តែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត