បើកច្រកថ្មី កាលានុវត្តភាពថ្មី! ឡាវ-កម្ពុជា ចាប់ដៃគ្នាសម្ពោធផ្លូវនាំចេញទុរេនទៅចិន
អ
អុន សម្ផស្ស
•
23 មិថុនា 2026 09:24 AM

រាជធានីវៀងចន្ទន៍៖ កម្ពុជា-ឡាវ បានសម្ពោធជាផ្លូវការនូវការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជំនាញ និងតំណាងវិស័យឯកជនកម្ពុជា ប្រមាណ៣០ក្រុមហ៊ុន...។

ក្រសួងកសិកម្មកម្ពុជា ចាត់ទុកការបើកផ្លូវដឹកជញ្ជូនថ្មីនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្រសួងកសិកម្មកម្ពុជា-ឡាវ សម្របសម្រួលនីតិវិធី និងបើកច្រកដឹកជញ្ជូនថ្មីសម្រាប់កសិផលកម្ពុជា។ មន្ត្រីក្រសួងកសិកម្មកម្ពុជា លើកឡើងថា រថយន្តដឹកទំនិញចំនួន៤កុងតឺន័រផ្ទុកផ្លែទុរេនស្រស់កម្ពុជា បានចេញដំណើរទៅកាន់ប្រទេសចិន តាមផ្លូវគោកឆ្លងកាត់ប្រទេសឡាវដែលជាការនាំចេញលើកដំបូងតាមផ្លូវថ្មីនេះ។ ផ្លូវដឹកជញ្ជូនថ្មីនេះ អាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកនៅត្រឹមប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ ខណៈកាលពីមុនត្រូវប្រើពេលរហូតដល់១៥ទៅ២០ថ្ងៃ។ 

គួរជ្រាបថា ក្រៅតែពីផ្លែទុរេន កសិផលកម្ពុជាដែលអាចដឹកជញ្ជូនទៅកាន់ទីផ្សារចិនតាមផ្លូវថ្មីនេះ រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ដូង និងផលិតផលកសិកម្មផ្សេងៗទៀត។ ជាមួយគ្នា ការបើកផ្លូវឆ្លងកាត់តាមឡាវនេះ នឹងជួយពង្រីកទីផ្សារសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា កាត់បន្ថយថ្លៃដើមដឹកជញ្ជូនព្រមទាំងបង្កើនល្បឿននៃការដឹកជញ្ជូនកសិផលស្រស់ទៅកាន់អ្នកប្រើប្រាស់នៅប្រទេសចិន បង្កើនភាពប្រកួតប្រជែងរបស់កសិផលកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត