ទូតឡាវ សរសើរកម្ពុជាអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ខណៈសេដ្ឋកិច្ចក៏នឹងនរទោះរងឥទ្ធិពលសង្រ្គាមនៅបរទេស
S
Soriya Sou
•
21 ឧសភា 2026 10:38 AM

រាជធានីភ្នំពេញ៖ លោក សនសៃវ៉ាន់ ណាសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវប្រចាំកម្ពុជា បានកោតសរសើរពីការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសរាជធានីភ្នំពេញ មានការរីកចម្រើនខ្លាំង និងស្ថានភាពសេដ្ឋកិច្ចក៏មានភាពនឹងនរ…។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក សនសៃវ៉ាន់ ណាសៃ មានប្រសាស៍ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន មានអគារថ្មីៗ ខ្ពស់ៗជាច្រើន។ លោកបង្ហាញពីការមើលឃើញថា បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ ខណៈអត្រាប្រាក់រៀលក៏នៅតែរក្សាបាន១ដុល្លារស្មើនឹង៤០០០រៀល។ លោកថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបធ្វើឱ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូធារ។ ឯកអគ្គរដ្ឋទូតរូបនេះបន្ថែមថា កម្ពុជា និងឡាវ មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាជាបងប្អូនយូរលង់ណាស់មកហើយ ដោយកម្ពុជាជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។

ក្នុងនាមជាឯកអគ្គរដ្ឋទូត លោក សនសៃវ៉ាន់ ណាសៃ ប្ដេជ្ញាខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនង កម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ពិសេស ជំរុញការវិនិយោគ ទេសចរណ៍ និងធ្វើឱ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែនកម្ពុជា-ឡាវ មានទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឱ្យកាន់តែមានភាពស្និទ្ធស្នាល។ ជាការឆ្លើយតប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពទូទៅ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយ ហើយលោកក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ តម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងដោះស្រាយបានជាបន្តបន្ទាប់។ 

លោក ឃួង ស្រេង បន្ថែមថា ឡាវ គឺជាប្រទេសមានទន្លេតភ្ជាប់ជាមួយកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាលប្រទេសផ្សេងទៀតលើពិភពលោក ដែលវានឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា និងឡាវ មានភាពល្អប្រសើរមួយកម្រិតថែមទៀត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត