
រាជធានីភ្នំពេញ៖ កម្ពុជា-ឡាវ ប្រកាសរួមគ្នា បន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។ ជំហរនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាន់ថង កងម៉ានី (Vanthong KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ នៅថ្ងៃទី១៤ឧសភា ឆ្នាំ២០២៦។

លោក វ៉ាន់ថង កងម៉ានី បានជម្រាបប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា មានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ លោកចាត់ទុកដំណើរទស្សនកិច្ចរបស់លោក មកកម្ពុជានាពេលនេះ ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានបង្ហាញការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលឆ្នាំ២០២៦នេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្ដេចធិបតី មានជំនឿចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ ដែលទាមទារកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀតថា ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕



