
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសាមគ្គីភាព កាលពីរសៀលថ្ងៃទី៧តុលាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលី ស៊ីសូលីត អគ្គលេខាធិការនៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានបង្ហាញក្ដីបំណងរួមគ្នា ដោយចង់ឃើញយុវជនប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នាគ្រប់វិស័យ ជាពិសេស ក្នុងក្របខណ្ឌវប្បធម៌ និងនយោបាយ…។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនងមិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។ សម្ដេចបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក ថងលី ស៊ីសូលីត និងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ លោក ថងលី ស៊ីសូលីត មានប្រសាសន៍អរគុណសម្ដេចតេជោ និងបានជម្រាបពីការផ្លាស់ប្ដូរយោបល់ជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នូវការពង្រឹងនូវកិច្ចការរវាងយុវជនប្រទេសទាំងពីរ ឱ្យកាន់តែផុសផុលបន្ថែមទៀត។

លោកអះអាងថា លោកចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ បន្តនូវកិច្ចការគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយ និងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក ថងលី ស៊ីសូលីត និងបានបង្ហាញការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងយុវជនប្រទេសទាំងពីរ។ សម្ដេចមានសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវ នឹងរួមសាមគ្គីគ្នា ហើយបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌយុវជនទាំងនៅក្នុងគណបក្ស និងរាជ/រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕





