ស៊ូដង់​ដង្ហើយរក​ជំនួយ ​បន្ទាប់​ពី​ការ​បាក់​ដី​សម្លា.ប់​មនុស្ស​ជាង​១០០០​នាក់​
N
Nary Vann
04 កញ្ញា 2025 09:15 AM

រដ្ឋធានីខាទុំ៖ ស៊ូដង់បានអំពាវនាវសុំជំនួយអន្តរជាតិ បន្ទាប់ពីការរអិលបាក់ដីបានកម្ទេចភូមិមួយទាំងមូល ដោយបានសម្លាប់មនុស្សប្រហែល១០០០នាក់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស...។

កងទ័ពចលនារំដោះស៊ូដង់បានរាយការណ៍ថា ភូមិ Tarasin ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈអំពាវនាវដល់អង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ឱ្យជួយស្វែងរកសាកសពអ្នករងគ្រោះ។ សោកនាដកម្មនេះ បានកើតឡើងកាលពីថ្ងៃទី៣១សីហា នៅក្នុងភូមិដែលមានទីតាំងនៅកណ្តាលភ្នំ Marrah នៃទីក្រុង Darfur បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ ក្រុមឧទ្ទាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព័ត៌មានបឋមបង្ហាញថា អ្នកស្រុកច្រើនជាង១០០០នាក់ ត្រូវបានសន្មតថា បានស្លាប់ ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត»

មេដឹកនាំកងទ័ពចលនារំដោះស៊ូដង់ លោក អាប់ឌែល-វ៉ាហ៊ីដ នូរ (Abdel-Wahid Nourr) បានពណ៌នាទំហំនៃគ្រោះមហន្តរាយនេះថា ធំធេង ហួសពីការពិពណ៌នា។ ក្រុមប្រឹក្សាអធិបតេយ្យភាពដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ូដង់ បានកាន់ទុក្ខចំពោះការបាត់បង់អាយុជីវិត ដោយបន្ថែមថា ធនធាននានាកំពុងត្រូវបានកៀងគរ ដើម្បីជួយដល់តំបន់ដែលរងផលប៉ះពាល់។ លោក លូកា រ៉េនដា អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងពួតដៃគ្នា ដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់។ បណ្តាញសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍ថា បានរកឃើញសាកសពចំនួន៩ កាលពីថ្ងៃទី២កញ្ញា ដោយកត់សម្គាល់ថា ក្រុមសង្គ្រោះកំពុងពិបាកធ្វើការដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ និងកង្វះធនធាន៕

លោក លូកា រ៉េនដា (Luca Renda)
លោក លូកា រ៉េនដា (Luca Renda)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត