
បទបរិយាយ៖ កាលពីពេលថ្មីៗ សម្តេចធិបតី ធ្វើជាប្រមុខដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចការងារនៅតួកគីយ៉េ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការបង្រួបបង្រួម និងពង្រឹងក្របខណ្ឌយោធារវាងប្រទេសទាំង២ ជាលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅរដ្ឋធានីអ៊ីស្តង់ប៊ុល។ ក្រោយចុះកិច្ចព្រមព្រៀងការពារជាតិដ៏ភ្ញាក់ផ្អើលនេះ មានសាធារណជនជាច្រើនលើកជាសំណួរថា តើតួកគីយ៉េមានកម្លាំងយោធាខ្លាំងប៉ុនណា..និងមានសព្វាវុធសាហាវៗអ្វីខ្លះ ទើបអាចអន្ទងចិត្ត ថ្ពក់បេះដូងមេដឹកនាំកម្ពុជា ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស័យការពារជាតិបាន..?

សូមជម្រាបត្រួសៗថា តួកគីយ៉េមានកម្លាំងយោធាខ្លាំងក្លាបំផុតមួយ នៅក្នុងតំបន់ និងលើពិភពលោក ដោយស្ថិតនៅក្នុងចំណោមកងទ័ពកំពូលទាំង១០ លើភពផែនដី។ ប្រទេសនេះ មានកងទ័ពជើងគោកសកម្មធំជាងគេទី២ នៅក្នុងសម្ព័ន្ធភាពនៃអង្គការណាតូ បន្ទាប់ពីសហរដ្ឋអាម៉េរិក។ គិតត្រឹមឆ្នាំ២០២៥ តួកគីយ៉េ មានកម្លាំងទ័ពសកម្មជាង៣៥៥ ០០០នាក់ ព្រមទាំងកម្លាំងទ័ពបម្រុងដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រៅពីបរិមាណកងទ័ព តួកគីយ៉េ កាន់តែមានឯករាជ្យភាពលើឧស្សាហកម្មការពារជាតិរបស់ខ្លួន ដោយផលិតដ្រូនកំពូលៗ រថក្រោះ នាវាចម្បាំង និងសូម្បីតែយន្តហោះចម្បាំងផ្ទាល់ខ្លួន។ ថ្ងៃនេះ SBM News នឹងបើកបង្ហាញមុខមាត់នៃប្រភេទអាវុធទំនើបៗ សក្តិសម នឹងទំហំថវិកាការពារជាតិរបស់កម្ពុជា។ ទី១.មីស៊ីល SOM (Standoff Missile) ផលិតដោយក្រុមហ៊ុន Roketsan។ វាជាមីស៊ីលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ រចនាឡើងសម្រាប់បាញ់ប្រហារលើគោលដៅគោក និងលើផ្ទៃទឹកដោយមានសុក្រឹតភាពខ្ពស់បំផុត។ វាមានមុខងារបត់បែន អាចគេចពីភ្នែករ៉ាដា និងបំពាក់ដោយប្រព័ន្ធតម្រង់គោលដៅកំពូលដូចជា GPS, INS និងកាំរស្មី Infrared។ វាមានច្រើនសណ្ឋានទៅតាមប្រភេទក្បាលគ្រាប់ និងមានចម្ងាយបាញ់សរុបជាង២៥០គីឡូម៉ែត្រ ដែលអាចបាញ់ចេញពីយន្តហោះចម្បាំង និងដ្រូន។

ទី២.មីស៊ីល៖ ផលិតដោយក្រុមហ៊ុន Roketsan។ វាត្រូវបានបង្កើតឡើងដើម្បីជំនួសមីស៊ីល Harpoon ម៉ូដែលចាស់។ វាមានបច្ចេកវិទ្យាតម្រង់គោលដៅទំនើប និងបំពាក់ក្បាលគ្រាប់មានថាមពលផ្ទុះខ្លាំង ដែលអាចបាញ់ប្រហារគោលដៅបានចម្ងាយជាង ២២០គីឡូម៉ែត្រ និងមានសមត្ថភាពហោះទាបប្រកៀកផ្ទៃសមុទ្ទ ដើម្បីគេចចេញពីការចាប់ដោយរ៉ាដា។ វាអាចបាញ់ចេញពីនាវាលើផ្ទៃទឹក ហើយថែមទាំងបានសាកល្បងបាញ់ចេញពីក្រោមទឹកដោយជោគជ័យកាលពីខែមីនា ឆ្នាំ២០២៥។ ទី៣៖ មីស៊ីលលឿនជាងសំឡេង Typhoon Block 4៖ វាគឺជាមីស៊ីលប៉ាលិស្ទីកលឿនជាងសំឡេងដំបូងបង្អស់របស់តួកគីយ៉េ ដែលបានបង្ហាញខ្លួននៅក្នុងការពិព័រណយោធា IDEF ២០២៥។ អាវុធបច្ចេកវិទ្យាចុងក្រោយនេះ មានទម្ងន់២៣០០គីឡូក្រាម ប្រវែង៦,៥ម៉ែត្រ និងមានចម្ងាយបាញ់រហូតដល់៨០០គីឡូម៉ែត្រ។ វាអាចហោះហើរក្នុងល្បឿនលឿនជាងសំឡេង៥ដង ធ្វើឱ្យសត្រូវពិបាកក្នុងការស្ទាក់ចាប់ ឬស្វែងរក។

តាមរយៈការអភិវឌ្ឍនេះ តួកគីយ៉េ បានចូលរួមក្នុងក្រុមប្រទេសតិចតួចដែលមានបច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង។ ទី៤.ដ្រូនប្រយុទ្ធ Bayraktar TB2៖ វាគឺដ្រូនដ៏ល្បីល្បាញរបស់តួកគីយ៉េ ដែលត្រូវទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងជម្លោះនាពេលថ្មីៗនេះ បន្ទាប់ពីសមត្ថភាពរបស់វា អាចបំពេញភារកិច្ចប្រមូលព័ត៌មានសម្ងាត់ ការឃ្លាំមើល និងការបាញ់ប្រហារ។ វាបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិដ៏ទុកចិត្ត និងអាចដឹកនាំការហោះហើរដោយខ្លួនឯង ហើយអាចពាំគ្រាប់បែកឡាស៊ែរចំនួន៤គ្រាប់។ វាអាចហោះហើរលើអាកាសបានរហូតដល់២៧ម៉ោងក្នុងកម្ពស់ពី១៨០០០ ដល់ ២៥០០០ហ្វីត ហើយប្រទេសជាង២៥ បានប្រើប្រាស់វារួចមកហើយ។ ទី៥.ដ្រូនប្រយុទ្ធធុនធ្ងន់ Bayraktar Akinci៖ វាមានទំហំធំ និងមានថាមពលខ្លាំងជាង TB2 ព្រោះ Bayraktar Akinci ត្រូវបានបង្កើតឡើងសម្រាប់បេសកកម្មចម្រុះទាំងលើអាកាស និងលើដី។ វាមានសមត្ថភាពដឹកជញ្ជូនអាវុធ និងផ្ទុកបានរហូតដល់ ១៥០០គីឡូក្រាម និងអាចហោះហើរបាន២៥ម៉ោង។

វាបំពាក់ដោយបច្ចេកវិទ្យា AI ទំនើប ការទាក់ទងតាមផ្កាយរណប និងប្រព័ន្ធរ៉ាដាច្រើនប្រភេទ រួមទាំងរ៉ាដា AESA ដែលអនុញ្ញាតឱ្យវាបំពាក់អាវុធបានច្រើនប្រភេទ រួមទាំងមីស៊ីលតម្រង់ទិសផងដែរ។ វាដើរតួនាទីស្ទើរតែដូចយន្តហោះចម្បាំង ប៉ុន្តែវាគ្មានមនុស្សបើកឡើយ។ ទី៦.ដ្រូនម៉ាស៊ីន២ TAI Aksungur៖ ដ្រូនម៉ាស៊ីន២នេះ ត្រូវបានផលិតឡើងសម្រាប់បេសកកម្មរយៈពេលវែងនៅកម្ពស់ខ្ពស់។ Aksungur អាចផ្ទុកទម្ងន់បានរហូតដល់៧៥០គីឡូក្រាម និងអាចហោះហើរលើអាកាស បានរហូតដល់ជាង៤០ម៉ោង ក្នុងចម្ងាយផ្លូវរហូតដល់៦៥០០គីឡូម៉ែត្រ។ វាត្រូវបានរចនាឡើងសម្រាប់បេសកកម្មប្រមូលព័ត៌មានការសម្ងាត់ និងការបាញ់ប្រហារ ព្រមទាំងអាចបំពាក់ឧបករណ៍សែនស័រពិសេស សម្រាប់បេសកកម្មផ្លូវសមុទ្ទ និងការបាញ់គ្រាប់ Torpedoes ផងដែរ។ ទី៧.ប្រព័ន្ធការពារអាកាស HISAR៖ វាគឺជាប្រព័ន្ធការពារអាកាសផលិតក្នុងស្រុកដែលរចនាឡើង ដើម្បីការពារទ្រព្យសម្បត្តិយោធាពីការវាយប្រហារផ្លូវអាកាសគ្រប់ប្រភេទរបស់ខ្មាំងសត្រូវ ដូចជា៖ យន្តហោះ ឧទ្ធម្ភាចក្រ ដ្រូន និងមីស៊ីល។

ក្រៅពីសព្វាវុធកំណាចខាងលើ តួកគីយ៉េ ក៏នៅមានរថក្រោះចម្បាំងធុនធ្ងន់ Altay, កាំភ្លើងធំស្វ័យប្រវត្តិទំហំ១៥៥មីលីម៉ែត្រ T-155 Firtina, ឧទ្ធម្ភាចក្រប្រយុទ្ធម៉ាស៊ីន២ សម្រាប់ការវាយប្រហារ និងការស៊ើបការណ៍យុទ្ធសាស្ត្រ T129 ATAK, ដ្រូនប្រយុទ្ធល្បឿនលឿនដើរដោយម៉ាស៊ីនយន្តហោះ Bayraktar Kizilelma, យន្តហោះចម្បាំងជំនាន់ទី៥ TAI KAAN, នាវាចម្បាំង Ada-Class Corvette, នាវាចម្បាំង Istanbul-Class Frigate និងនាវាផ្ទុកយន្តហោះ TCG Anadolu។ ដូច្នេះ កិច្ចព្រមព្រៀងវិស័យយោធាកម្ពុជា-តួកគីយ៉េ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអង់ការ៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កាលានុវត្តភាពដ៏មហាសាលសម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលបានការបណ្ដុះបណ្ដាល ការផ្ទេរបច្ចេកវិទ្យា និងការបំពាក់គ្រឿងយុទ្ធភណ្ឌទំនើបៗ ជឿនលឿនពីប្រទេសតួកគីយ៉េ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំសម្រាប់ការពារខ្លួនពីសំណាក់ចោរឈ្លានពានទឹកដីតជំនាន់ទិសបស្ចឹម៕





