ស្ថានទូតចិននៅប្រទេសថៃ ណែនាំឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ក្រោយមានករណីបាត់ខ្លួនបន្តបន្ទាប់
N
Nary Vann
•
2 ថ្ងៃមុន

រាជធានីបាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្ន និងព្រមានយ៉ាងម៉ឺងម៉ាត់ដល់ពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានការកើនឡើងនូវករណីបាត់ខ្លួនពលរដ្ឋចិន ឬដាច់ការទាក់ទងជាបន្តបន្ទាប់ ក្រោយពេលធ្វើដំណើរចូលមកដល់ប្រទេសថៃ ក្នុងនោះ មានសេចក្តីរាយការណ៍ថា ជនរងគ្រោះមួយចំនួនត្រូវបានគេឃុំឃាំងដោយខុសច្បាប់ និងបោកបញ្ឆោតដឹកជញ្ជូនបន្តទៅកាន់តំបន់ព្រំដែនថៃ-ភូមា។

ផ្អែកតាមព័ត៌មានពីស្ថានទូតចិន បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនឆ្លងដែនបាននិងកំពុងប្រើប្រាស់វិធីសាស្ដ្រយ៉ាងស្មុគស្មាញ ដោយបង្កើតការងារក្លែងក្លាយដូចជា ការអញ្ជើញទៅថតខ្សែភាពយន្ត ការថតរូប ឬការសម្ដែងក្នុងតម្លៃខ្លួនខ្ពស់ មកធ្វើជានុយដើម្បីល្បួងពលរដ្ឋចិនឱ្យមកកាន់ប្រទេសថៃ។ បន្ទាប់មក ពួកគេបានចាប់ផ្តើមធ្វើសកម្មភាពខុសច្បាប់ ដោយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ជាងនេះទៅទៀត នាពេលថ្មីៗនេះ គេបានសង្កេតឃើញមានការឆបោកផ្តោតលើក្រុមអ្នកបង្កើតមាតិកា (Influencers) អ្នកផ្សាយផ្ទាល់ (Livestreaming) និងតារាសម្ដែង ដោយក្រុមបោកប្រាស់បានបង្កើតការផ្ដល់ការងារ ឬការសម្ដែងក្លែងក្លាយ ដើម្បីធ្វើជាលេសបិទបាំងអំពើឧក្រិដ្ឋរបស់ពួកគេ។

ករណីលេចធ្លោបំផុតមួយ គឺលោក វ៉ាង ស៊ីង (Wang Xing) ដែលជាតារាសម្ដែងចិនម្នាក់ ត្រូវគេបោកប្រាស់ឱ្យមកថតរឿងនៅថៃ រួចចាប់ជម្រិតលក់បន្តទៅកាន់ជម្រកឆបោកចំនួន៣ផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ មុនពេលមានការអន្តរាគមន៍ជួយសង្គ្រោះ។ លើសពីនេះ កាលពីពេលថ្មីៗ អ្នកថតរូបចិន អាយុ៣៤ឆ្នាំម្នាក់ និងគ្រូបង្រៀនតន្ត្រីម្នាក់ទៀត ក៏បានបាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីធ្វើដំណើរមកដល់រាជធានីបាងកក។

លោក Wang Xing
លោក Wang Xing

ស្ថានទូតចិន បានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ ជៀសវាងការជិះរថយន្តឥតគិតថ្លៃពីជនប្លែកមុខ ឬអ្នកស្គាល់គ្នា រៀបចំកាលវិភាគធ្វើដំណើរដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនដែលមានអាជ្ញាបណ្ណត្រឹមត្រូវ បដិសេធដាច់ខាតចំពោះការផ្លាស់ប្ដូរផ្លូវ ឬទីតាំងភ្លាមៗ និងត្រូវរាយការណ៍ប្រាប់គ្រួសារជានិច្ច អំពីទីតាំងបច្ចុប្បន្នរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត