មន្ត្រីសាលាខេត្តស្ទឹងត្រែងម្នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោយលួចលក់ដីពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់
ហាក់ អ៊ីឌី
•
មួយម៉ោងមុន

ក្រុងស្ទឹងត្រែង៖ នៅទីបំផុត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចេញដីកាឃុំខ្លួន មន្ត្រីរដ្ឋបាលសាលាខេត្តស្ទឹងត្រែងម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីលួចលក់ដីពលរដ្ឋនៅតំបន់ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដោយខុសច្បាប់...។  

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ម៉េង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ដែលត្រូវបានទម្លាយនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ អ៊ុំ សុភឿន មានមុខរបរជាមន្ត្រីរាជការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្តស្ទឹងត្រែង ពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ជាមួយគ្នាផងដែរ ក្នុងដីការបង្គាប់ឱ្យឃុំខ្លួន​នោះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនល្មើសឈ្មោះ អ៊ុំ សុភឿន កន្លងមកធ្លាប់ជាប់ពន្ធនាគាររយៈពេល១៤ថ្ងៃ ពីបទថតរូបភាព និងសម្ភារអាសអាភាស កាលគ្រាដែលរូបលោកមានតំណែងជាអភិបាលរងស្រុកឆែប។

សូមជម្រាបថា ការសម្រេចឃុំខ្លួននេះដែរ ធ្វើឡើងបន្ទាប់ពី លោកស្រី អៀវ វុទ្ធី ដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីស្នើសុំអន្តរាគមន៍រកយុត្តិធម៌ និងបានចោទប្រកាន់បុគ្គល និងអាជ្ញាធរមូលដ្ឋាន៤នាក់ ពីបទគុបគិតគ្នារៀបចំឯកសារក្លែងបន្លំ លក់ដីរបស់លោកស្រីទំហំ១១ហិកតា ទៅឱ្យភាគីទី៣ ដោយគ្មានការអនុញ្ញាត។ តុលាការខេត្តស្ទឹងត្រែង បានចេញដីកាកោះហៅលោក អ៊ុំ សុភឿន ចំនួន ២លើករួចមកហើយ ប៉ុន្តែរូបលោកមិនចូលខ្លួនបំភ្លឺឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត