
ក្រុងព្រះសីហនុ៖ ក្រុមការងារមន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានទទួលស្វាគមន៍ដំណើរមកដល់នៃនាវាទេសចរណ៍អន្តរជាតិ VIKING VENUS សញ្ជាតិន័រវែស ដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ...។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នាវានេះ មានបណ្ដោយប្រវែង២២៨,៣០ម៉ែត្រ និងទទឹងប្រវែង២៨,៨០ម៉ែត្រ ជម្រៅ៦,៥៦ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម និងបានចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៦:៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២២តុលានេះ ដោយមានភ្ញៀវទេសចរបរទេសសរុប ៨៥៦នាក់ ស្រី៤៤៨នាក់ មកពី២៧សញ្ជាតិ។ ក្នុងនោះ ភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេ គឺសញ្ជាតិអាម៉េរិក៦៨៦នាក់ អូរស្រ្ដាលី៥២នាក់ និងនាវិកចំនួន៤៦៧នាក់ ស្រី១១២នាក់ មាន៣៥សញ្ជាតិ។ គោលដៅរបស់ភ្ញៀវទេសចរបរទេសទាំងនេះ គឺ មកទស្សនារមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើ។ នាវាទេសចរបរទេស VIKING VENUS នឹងចេញពីប្រទេសកម្ពុជា នៅម៉ោង២រសៀលថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦។

គ្រប់ការអញ្ជើញមកដល់ប្រទេសកម្ពុជារបស់ភ្ញៀវទេសចរបរទេស តាមរយៈបណ្ដានាវាឯកជនខាងលើ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្រ្តីពាក់ព័ន្ធនៅខេត្តព្រះសីហនុ ខណៈការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរបរទេសទាំងនោះ ត្រូវបានចាត់ទុកជារឿងចម្បងបំផុតនៃមន្ត្រីពាក់ព័ន្ធលើវិស័យមួយនេះ។ គួរជ្រាបថា ការចូលចតនៃនាវាទេសចរណ៍បរទេសខ្នាតធំ ជាបន្តបន្ទាប់ គឺជាការបង្ហាញទៅកាន់ពិភពលោក ថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពទាក់ទាញមួយនៅក្នុងតំបន់៕



