
រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីសាស្ត្រាចារ្យ វែអូនិក ផេ (Véronique Phé) ស្ថាបនិក និងជាប្រធានអង្គការ AIRES Global Health កាលពីថ្ងៃទី២១តុលា បានជួបគ្នាពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការលើកកម្ពស់សុខភាពស្ត្រី ជាពិសេស សុខភាពប្រព័ន្ធទឹកនោម និងសុខភាពអាងត្រគាករបស់ស្ត្រី ក៏ដូចជាការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈកម្មវិធី LOTUS...។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការលើកកម្ពស់សុខភាពស្ត្រី ជាពិសេស ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបញ្ហាប្រព័ន្ធទឹកនោម និងសរីរាង្គអាងត្រគាក ដូចជា ការលេចនោម និងការធ្លាក់សរីរាង្គអាងត្រគាក គឺជាកិច្ចការសំខាន់មួយ ក្នុងការកែលម្អគុណភាពជីវិត សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ស្ត្រី។ ការពង្រឹងសមត្ថភាពអ្នកជំនាញ និងការពង្រីកលទ្ធភាពទទួលបានសេវាឯកទេស នឹងរួមចំណែកកាត់បន្ថយឧបសគ្គផ្នែកភូមិសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងការទទួលបានសេវាថែទាំសុខភាព។ លោកក៏បានថ្លែងអំណរគុណចំពោះអង្គការ AIRES Global Health និងមូលនិធិ Pièrre Fabre ដែលបានចូលរួមគាំទ្រការលើកកម្ពស់សុខភាពស្ត្រីនៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធវេជ្ជសាស្ត្រ រវាងក្រុមគ្រូពេទ្យកម្ពុជា និងបារាំង។

លោករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យ AIRES Global Health និងដៃគូ បន្តពិចារណាពង្រីកឱកាសអាហារូបករណ៍ និងកម្មវិធីបណ្ដុះបណ្ដាលឯកទេស នៅប្រទេសបារាំង ស្របតាមតម្រូវការអាទិភាពរបស់ប្រព័ន្ធសុខាភិបាលកម្ពុជា។ ការបណ្ដុះបណ្ដាលទាំងនេះ គួរត្រូវបានភ្ជាប់ជាមួយការផ្ទេរចំណេះដឹង ជាប្រព័ន្ធ ការណែនាំបច្ចេកទេសដោយអ្នកជំនាញ និងការចែករំលែកបទពិសោធ ទៅកាន់ក្រុមគ្រូពេទ្យក្នុងស្រុក ដើម្បីធានាថា ចំណេះដឹងដែលទទួលបាន អាចបំប្លែងទៅជាការកែលម្អជាក់ស្តែង នៃការផ្ដល់សេវាព្យាបាល។ ស្របជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ ក៏បានគូសបញ្ជាក់លើកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា តាមរយៈកម្មវិធី LOTUS គឺបានផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ ចែករំលែកចំណេះដឹង បទពិសោធការព្យាបាល និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការរៀបចំថ្នាក់បណ្ដុះបណ្ដាលជាន់ខ្ពស់ និងការបណ្ដុះបណ្ដាលអនុវត្តជាក់ស្តែង។

លោកស្រីសាស្ត្រាចារ្យ ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម គាំទ្រគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធទឹកនោមវ័យក្មេងកម្ពុជា៣រូប ឱ្យទៅបំពេញកម្មសិក្សាសង្កេតនៅរដ្ឋធានីប៉ារីស ក្នុងគោលបំណងពង្រឹងជំនាញឯកទេស ជំរុញការផ្ទេរចំណេះដឹង ក៏ដូចជាការយកបទពិសោធមកអនុវត្ត ក្នុងការផ្ដល់សេវាសុខាភិបាលនៅកម្ពុជា៕




