តើ FIFA មានបំណងទាត់ចោល FIFA ASEAN Cup ស្រវ៉ាចាប់ Himalaya Cup​ វិញ ឬយ៉ាងណា?
Chanmarady Chuon
•
4 ម៉ោងមុន

FIFA៖ គំនិតនៃការបង្កើតពានរង្វាន់បាល់ទាត់ ប្រចាំតំបន់ថ្មី «FIFA Himalaya Cup» បានស្តែងឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោកជីអាន់នី អ៊ីនហ្វាន់ទីណូ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ទៅកាន់ប្រទេសប៊ូតាន (Bhutan) កំពុងចោទជាសំណួរថា អាចជាការជំនួសពានរង្វាន់ FIFA ASEAN Cup ដែលឬទេ? ក្រោយពានរង្វាន់មួយនេះ មិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមជំនួញបាល់ទាត់…។

តើ FIFA កំពុងស្វែងរកផ្លូវដកថយ ឬផ្លូវចេញ បន្ទាប់ពីការរៀបចំពានរង្វាន់ FIFA ASEAN Cup ទទួលបានលទ្ធផលមិនសមប្រកប និងមានការខកបំណង។ បើតាមការគ្រោងទុក មានការប៉ាន់ស្មានថា អាចមានក្រុមដូចជា នេប៉ាល់, ប៊ូតាន, ឥណ្ឌា, ប៉ាគីស្ថាន, ចិន, បង់ក្លាដែស, អាហ្គានីស្ថាន, ភូមា, ម៉ាល់ឌីវ និងស្រីលង្កា ចូលរួមប្រកួត ក្នុងការបង្កើតពានរង្វាន់ «FIFA Himalaya Cup» ជាពានរង្វាន់បាល់ទាត់ប្រចាំតំបន់ថ្មី ដែលមានប្រទេសជាប់តំបន់ភ្នំហិមាល័យ។ ជាការពិតណាស់ វាមិនអាចទៅរួចឡើយ នៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតពីរក្នុងពេលដំណាលគ្នា និងមានតំបន់ភូមិសាស្ត្រជាន់គ្នាបែបនេះ ខណៈតំបន់ផ្សេងៗជាច្រើនទៀត​ ជុំវិញពិភពលោកដែល FIFA មិនទាន់បានពិចារណាដល់នៅឡើយ។

គួររំឭកផងដែរថា ពានរង្វាន់ FIFA ASEAN Cup 2026 ត្រូវបានគេមើលឃើញថាជាគម្រោងដែលមិនទាន់ទទួលបានជោគជ័យពេញលេញ បន្ទាប់ពីបាត់បង់ក្រុមតំណាងទីផ្សារធំៗចំនួនពីរ។ នៅក្នុងពិភពបាល់ទាត់ទំនើប នាពេលបច្ចុប្បន្ន ព្រឹត្តិការណ៍ប្រកួតមួយ ត្រូវបានគេវាយតម្លៃមិនត្រឹមតែលើគុណភាពបច្ចេកទេស ឬកម្រិតអាជីពរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើសមត្ថភាពក្នុងការទាក់ទាញទស្សនិកជន ការលក់សិទ្ធិផ្សាយ និងការស្វែងរកម្ចាស់ឧបត្ថម្ភ (Sponsors) ផងដែរ។ ដើមឡើយ ការរៀបចំ FIFA ASEAN Cup 2026 បានអញ្ជើញប្រទេសចិន និងឥណ្ឌា ឱ្យចូលរួមជាក្រុមភ្ញៀវកិត្តិយស ដោយសង្ឃឹមថា ប្រទេសទាំងពីរនេះ នឹងក្លាយជាតួអង្គសំខាន់ ផ្អែកលើចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ និងសក្តានុពលពាណិជ្ជកម្មដ៏ធំធេង។

យ៉ាងណា ក្ដីរំពឹងនេះត្រូវបរាជ័យ ដោយសារប្រទេសចិន បានសម្រេចចិត្តរៀបចំការប្រកួតមិត្តភាពផ្ទាល់ខ្លួននៅទីក្រុងឆុងជីង (Chongqing) ខណៈក្រុមជម្រើសជាតិឥណ្ឌា រវល់ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ ការដកខ្លួនចេញពីទីផ្សារដែលមានប្រជាជនសរុបជិត៣ពាន់លាននាក់នេះ ធ្វើឱ្យ FIFA ជួបការលំបាកយ៉ាងខ្លាំងក្នុងការសម្រេចគោលដៅទាក់ទាញទីផ្សារធំៗទាំងពីរ ឱ្យចូលមកក្នុងពានរង្វាន់តំបន់មួយនេះ។ ការអវត្តមានរបស់ក្រុមកំពូលទាំងពីរ មិនត្រឹមតែធ្វើឱ្យ FIFA ASEAN Cup បាត់បង់ឱកាសចាប់យកទស្សនិកជនគោលដៅដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យភាពទាក់ទាញនៃដៃគូពាណិជ្ជកម្ម និងក្រុមហ៊ុនឧបត្ថម្ភនានា ដែលបំណងចង់វាយលុកទីផ្សារអាស៊ី មានការថយចុះជាលំដាប់ទៅវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត