
បាល់ទាត់៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងជួបប្រទះនឹងរលករឿងអាស្រូវដ៏អាសោចមិនធ្លាប់មាន ចាប់តាំងពី លោក ជីអាន់នី អ៊ីនហ្វានទីណូ (Gianni Infantino) ឡើងកាន់កាប់អំណាចក្នុងឆ្នាំ២០១៦។ បន្ទាប់ពីផែនការអាថ៌កម្បាំង «FIFA Forward Enterprise» រួមមាន ការលក់ភាគហ៊ុន២០ភាគរយ (៤,២ពាន់លានដុល្លារ) ទៅឱ្យវិនិយោគិនឯកជន (ដែលមានទំនាក់ទំនងជាមួយគ្រួសារលោក ដូណាល់ ត្រាំ) ត្រូវដួលរលំ និងដកហូតវិញទាំងប្រញាប់ប្រញាល់ លោក អ៊ីនហ្វានទីណូ បានកោះប្រជុំបន្ទាន់នៅទីក្រុងរ៉ាបាត់ (Rabat) ប្រទេសម៉ារ៉ុក។

ទោះបីជា FIFA បានចេញមុខបន្លប់សភាពការណ៍ដោយអះអាងថា ថ្នាក់ដឹកនាំនៅតែមានការគាំទ្រពេញទំហឹង ចំពោះលោក អ៊ីនហ្វានទីណូ ក៏ដោយ ប៉ុន្តែការផ្ញើលិខិតសុំទោសជាសាធារណៈទៅកាន់សមាគមសមាជិកទាំង២១១ គឺជាការទទួលស្គាល់កំហុសឆ្គងដ៏អាម៉ាស ជុំវិញអភិបាលកិច្ចខ្វះតម្លាភាព និងការដឹកនាំបែបផ្តាច់ការ ដោយមើលរំលងសមាជិក។ នាយករដ្ឋមន្ត្រីកាណាដា លោកម៉ាក ខានី (Mark Carney) បានសង្កត់ធ្ងន់ថា៖«ខ្ញុំគ្មានទំនុកចិត្តលើលោក អ៊ីនហ្វានទីណូ ទៀតឡើយ! ការលាក់បាំង និងបរាជ័យ ក្នុងការពិគ្រោះយោបល់លើគម្រោងធំធេងបែបនេះ គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលត្រូវតែបញ្ចប់ជីវិតនយោបាយរបស់អ្នកដឹកនាំ»។ ទីបំផុតកៅអីប្រធានាធិបតីរបស់លោក អ៊ីនហ្វានទីណូ មិនមែនត្រឹមតែរងសម្ពាធ និងគំរាមកំហែងពីខាងក្រៅនោះទេ ប៉ុន្តែក៏មានការបកអាក្រាតពីសំណាក់សហការីជិតស្និទ្ធរបស់លោកដែរ។

ជាក់ស្តែង ទីប្រឹក្សាជាន់ខ្ពស់លោក គឺ លោក ខាឡូស ក័រដីរ៉ូ (Carlos Cordeiro) បានលាលែងពីតំណែងភ្លាមៗ ដើម្បីតវ៉ានឹងទង្វើនេះ។ រីឯប្រធានប្រតិបត្តិ លោក ខេវិន ឡាំមួរ (Kevin Lamour) បានទម្លាយថា បុគ្គលិក FIFA ទាំងមូល ត្រូវបានគេបោកប្រាស់ឱ្យធ្វើការលើគម្រោង ដែលជាមហិច្ឆតាផ្ទាល់ខ្លួនរបស់ លោក អ៊ីនហ្វានទីណូ តែម្នាក់ឯង។ ជាមួយគ្នា វីរបុរសបាល់ទាត់ព័រទុយហ្គាល់ លោក ល្វីស ហ្វីហ្កូ (Luis Figo) ដែលធ្លាប់មានផែនការឈរឈ្មោះជាប្រធាន FIFA ក្នុងឆ្នាំ២០១៥ បានអះអាងថា លោក អ៊ីនហ្វែនទីណូ គួរតែលាលែងពីតំណែងជុំវិញរឿងអាស្រូវនេះ ខណៈអនុប្រធាន UEFA លោកស្រី ឡួរ៉ា ម៉ាកាលីស្ទើរ (Laura McAllister) បានប្រាប់រ៉យទ័រថា បញ្ហាចចេសដកសំណើនេះ បាននាំឱ្យការដឹកនាំរបស់ប្រធាន FIFA ឈានដល់ចំណុចវិបត្តិ។

នៅមុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA នាខែមីនាខាងមុខ កៅអីរបស់លោក អ៊ីនហ្វានទីណូ ឥឡូវនេះ កំពុងរង្គោះរង្គើ និងប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្ត ប្រសិនបើមានសមាជិក៤៣ប្រទេសរួមគ្នាតវ៉ា។ ដើម្បីក្រសោបអំណាចឡើងវិញ លោក អ៊ីនហ្វានទីណូ កំពុងប្រមូលផ្តុំការគាំទ្រពីតំបន់អាស៊ី និងអាហ្វ្រិក ដែលជាសមាជិកក្រីក្រ និងត្រូវពឹងផ្អែកលើលុយឧបត្ថម្ភរបស់ FIFA។ ទោះជាយ៉ាងណា ប្រធានសហព័ន្ធបាល់ទាត់ហ្ស៊កដានី ព្រះអង្គម្ចាស់ អាលី ប៊ីនហ៊ូសសេន (Ali bin Hussein) បានចេញមុខ ចោទប្រកាន់ FIFA ចំៗពីបទគំរាមកំហែង និងជំរិតទារប្រាក់ ដោយប្រើលុយជំនួយធ្វើជាចំណាប់ខ្មាំង ដើម្បីដោះដូរយកសំឡេងឆ្នោតគាំទ្រ៕



