
World Cup៖ ពិភពលោកកំពុងអន្ទះសារង់ចាំទស្សនាជំនួបដ៏កក្រើកបំផុតមួយប្រចាំសតវត្សរ៍ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2026 នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា វេលាម៉ោង២ៈ០០រំលងអាធ្រាត្រ រវាងក្រុមជម្រើសជាតិ[ពពក-សអាហ្សង់ទីន] និងក្រុម[តោកំណាចអង់គ្លេស]។ ជំនួបនៅលើវាលស្មៅលើកនេះ មិនមែនត្រឹមតែជាការប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយក្រុម[គោជល់អេស្ប៉ាញ]នោះទេ ប៉ុន្តែវាជាទីលានដោះស្រាយគំនុំចាស់...។

ក្រោយក្រុមអាហ្សង់ទីនយកជ័យជម្នះលើក្រុមស្វីស ៣-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ កម្តៅឆ្ទៈនៃការប្រកួតបានឆាបឆេះឡើងភ្លាមៗនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយកំពូលកីឡាករ លីអូណែល មេសស៊ី (Lionel Messi) និងមិត្តរួមក្រុមបាននាំគ្នាកៀកស្មា ស្រែកច្រៀងបទចម្រៀងក្រៅផ្លូវការរបស់ខ្លួនយ៉ាងខ្លាំងៗថា៖«ដើម្បីកោះម៉ាល់វីណាស (Malvinas) និងដើម្បី ឌីអេហ្គោ (Diego)!»។ នេះជាការផ្ញើសារព្រមានចំៗ និងជាការដុតកំហឹងដាក់ក្រុមតោកំណាចអង់គ្លេស ដោយរំឭកទាំងរឿងរ៉ាវជម្លោះទឹកដីផង និងវីរបុរសបាល់ទាត់ ឌីអេហ្គោ ម៉ារ៉ាដូណា (Diego Maradona) ផង។

ទំនាក់ទំនងរវាងមហាអំណាចបាល់ទាត់ទាំង២ ពោរពេញទៅដោយភាពចម្រូងចម្រាសតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ កាលនោះ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះ កីឡាករ អង់តូនីញ៉ូ រ៉ាទីន (Antonio Rattin) ប្រធានក្រុមអាហ្សង់ទីនត្រូវបានអាជ្ញាកណ្ដាលបណ្តេញចេញពីទីលានទាំងអយុត្តិធម៌ ធ្វើឱ្យលោកខឹងសម្បារយ៉ាងខ្លាំងរហូតទៅអង្គុយលើកម្រាលព្រំក្រហមរបស់ម្ចាស់ក្សត្រី អេលីហ្សាបេត (Elizabeth) រួមទាំងក្តាប់ទាញទង់ជាតិអង់គ្លេសយ៉ាងណែន ថែមទៀតផង។ ក្រោយចប់ការប្រកួត គ្រូបង្វឹកអង់គ្លេស លោក សឺ រ៉ាំសី (Sir Alf Ramsey) បានជេរប្រមាថកីឡាករអាហ្សង់ទីនចំៗថា ជា«សត្វធាតុ» ដែលជាសម្តីប្រមាថមើលងាយដ៏ធ្ងន់ធ្ងរ ធ្វើឱ្យប្រជាជនអាហ្សង់ទីនចងចាំមិនភ្លេចឡើយ។

គំនុំកាន់តែមុតជ្រៅទៅៗ បន្ទាប់ពីប្រទេសទាំង២បានផ្ទុះសង្គ្រាមដាក់គ្នាដណ្តើមការគ្រប់គ្រងកោះហ្វកឡែន (ឬកោះម៉ាល់វីណាស) កាលពីឆ្នាំ១៩៨២ ដោយកងទ័ពអង់គ្លេសបានសម្លាប់កងទ័ពអាហ្សង់ទីនអស់៦៤៩នាក់។ ៤ឆ្នាំក្រោយសង្គ្រាមនេះ វីរបុរសបាល់ទាត់អាហ្សង់ទីន ឌីអេហ្គោ ម៉ារ៉ាដូណា (Diego Maradona) បានបង្កើតប្រវត្តិសាស្ត្រដ៏រំជើបរំជួលមួយ ដោយការប្រើដៃបន្លំស៊ុតបញ្ចូលទី ដែលគេហៅថា «ហត្ថារបស់ព្រះ ឬ Hand of God» រួមទាំងការស៊ុតគ្រាប់ទី២ដ៏អស្ចារ្យតែម្នាក់ឯង ដើម្បីទម្លាក់ក្រុមតោកំណាចអង់គ្លេសចេញពីពានរង្វាន់ World Cupផងដែរ។ សម្រាប់ប្រជាជនអាហ្សង់ទីន វាមិនមែនជាការលួចបន្លំឡើយ ប៉ុន្តែវាជាការសងសឹកគំនុំចាស់ និងទាមទារយុត្តិធម៌ឱ្យកងទ័ព ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាម។

យ៉ាងណា សម្រាប់ជំនួប World Cup ២០២៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក ថូម៉ាស ទូឆែល (Thomas Tuchel) បញ្ជាក់ថា ពួកគេកំពុងស្ថិតក្នុងឱកាសមាស ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup ជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ។ បច្ចុប្បន្ន អង់គ្លេសកំពុងមានខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ចំនួន២ គឺ ជូដ ប៊ែរលីងហែម (Jude Bellingham) និង ហារី ខេន (Harry Kane) ដែលត្រូវតទល់ជាមួយកីឡាករស្តេចល្បឿន និងកំពូលជំនាញបច្ចេកទេស លីអូណែល មេសស៊ី ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងបេសកកម្ម World Cup។ ទោះបីជាគ្រូបង្វឹកអាហ្សង់ទីន លោក លីអូណែល ស្កាឡូនី (Lionel Scaloni) ព្យាយាមសម្រាលសភាពការណ៍ដោយនិយាយថា នេះគ្រាន់តែជាការប្រកួតបាល់ទាត់ធម្មតាក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្ររបស់ប្រទេសទាំង២ បានផ្សាយព្រោងព្រាតថា ជំនួបនេះមានទម្ងន់នយោបាយ និងអារម្មណ៍ឈឺចាប់ដ៏ធំធេង ដែលហួសពីតម្លៃនៃកីឡា។ តើលោក ថូម៉ាស ទូឆែល អាចដោះបណ្តាសា៦០ឆ្នាំមុន ហើយនាំអង់គ្លេសទៅជួបអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្របានដែរឬទេ..? ឬមួយក៏នឹងត្រូវដើរជាន់ដានចាស់?..៕



