ហេតុអ្វីប្រេងនៅទ្វីបអាហ្វ្រិក មិនអាចដោះស្រាយវិបត្ដិថាមពលរបស់ពិភពលោកបាន..?
S
Sinuon Nop
•
មួយម៉ោងមុន

រដ្ឋធានីអាប៊ូចា៖ បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក ផ្ដល់ជូនជម្រើសមួយដល់បណ្ដាក្រុមហ៊ុននាំចូលប្រេង ជំនួសការនាំប្រេងឆៅ ចេញពីតំបន់មជ្ឈិមបូព៌ា ប៉ុន្តែដោយសារតែប្រព័ន្ធអណ្ដូងប្រេងចាស់ៗ មានសមត្ថភាពចម្រាញ់ប្រេង នៅមានកម្រិត ខណៈតម្រូវការនៅក្នុងស្រុកកើនឡើង ទើបធ្វើឱ្យលទ្ធភាពនៃការជួយសម្រាលស្ថានការណ៍វិបត្ដិប្រេងពិភពលោក ជួបការលំបាក។ នេះបើតាមសារព័ត៌មាន The National Interest ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា...។

កំលុងពេលដែលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្ត រដ្ឋាភិបាលនានា និងក្រុមហ៊ុនថាមពលជាច្រើន កំពុងស្វែងរកប្រភពមកជំនួស សម្រាប់ប្រេងឆៅ និងផលិតផលប្រេង ដែលបានចម្រាញ់រួច។ រីឯបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក ក្លាយជាទីតាំងផលិតប្រេងដ៏សំខាន់មួយ និងជាតំបន់ដ៏ទាក់ទាញ សម្រាប់ក្រុមហ៊ុនទិញប្រេង ដែលចង់ពង្រីកប្រភពនាំចូលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលនៅទ្វីបអាហ្វ្រិក អាចជួយដោះស្រាយវិបត្តិប្រេងឥន្ធនៈបច្ចុប្បន្ន របស់ពិភពលោក បានត្រឹមមួយកម្រិតប៉ុណ្ណោះ។

ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក រួមមាន៖ នីហ្សេរីយ៉ា, អង់ហ្គោឡា, លីប៊ី, និង អាល់ហ្សេរី បានផ្គត់ផ្គង់ប្រេងឆៅ ទៅកាន់ទីផ្សារអន្ដរជាតិ អស់រយៈពេលជាយូរមកហើយ។ ទីតាំងភូមិសាស្ត្ររបស់ប្រទេសទាំងនេះ បានផ្តល់នូវផ្លូវដឹកជញ្ជូនជំនួស ដោយមិនចាំបាច់ពឹងផ្អែកតែទៅលើច្រកសមុទ្ទហ័រមូសនោះឡើយ។ នៅក្នុងបរិបទនៃវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ប្រទេសជាច្រើននៅអាហ្វ្រិក ដែលជាអ្នកនាំចេញប្រេង អាចក្លាយជាដៃគូដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងស្វែងរកការកាត់បន្ថយនូវការពឹងផ្អែកប្រភពថាមពល ពីតំបន់មជ្ឈិមបូព៌ា។ យ៉ាងណា ការណ៍ដែលក្រុមហ៊ុនផលិតប្រេងមានបទពិសោធយូរឆ្នាំ នៅបណ្តាប្រទេសអាហ្វ្រិកទាំងនោះ មិនមែនមានន័យថា អាចបង្កើនបរិមាណផលិតកម្មប្រេង បានយ៉ាងឆាប់រហ័ស សម្រាប់ការជួយសម្រាលបន្ទុកដល់ប្រទេសនាំចូលប្រេងនោះដែរ។ ករណីនេះ ក៏មានជាសំណួរចោទសួរឡើងដែរថា ហេតុអ្វី បានជាប្រទេសផលិតប្រេងនៅអាហ្វ្រិក ខ្វះសមត្ថភាពផលិតប្រេងបម្រុងទុក..?

អ្វីដែលជាចម្លើយនោះ នៅត្រង់ថា បញ្ហាប្រឈមដ៏សំខាន់ គឺប្រទេសផលិតប្រេងជាច្រើននៅអាហ្វ្រិក ខ្វះសមត្ថភាពផលិតប្រេងបម្រុង ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស នៅក្នុងករណីមានការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក។ ក្រៅពីប្រទេសលីប៊ី ការផលិតប្រេងនៅប្រទេសនីហ្សេរីយ៉ា អង់ហ្គោឡា និងអាល់ហ្សេរី បានធ្លាក់ចុះ ក្នុងរយៈពេលជាយូរមកហើយ ដោយសារប្រភពអណ្ដូងប្រេងចាស់ៗ កាន់តែរីងហួតអស់។ រីឯការវិនិយោគមិនគ្រប់គ្រាន់លើការរុករកប្រេង សម្រាប់ការបង្កើតសមត្ថភាពផលិតកម្មថ្មី។ ទន្ទឹមគ្នា ទីតាំងផលិតប្រេង Bonga Complex (បុងហ្កា ខមផ្លែក) និង Agbami (អាគបាមី) នៅក្នុងប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមមុខនឹងការអស់ពីស្តុកធម្មជាតិ ខណៈអំពើបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង និងការលួចប្រេងនៅបន្តរំខាន ដល់ដំណើរការផលិត ហើយសកម្មភាពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគិន។

នៅក្នុងប្រទេសអង់ហ្គោឡា ឯណោះវិញ ទោះបីជាក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាម៉េរិក ដូចជា Chevron, ExxonMobil និងក្រុមហ៊ុនរបស់ន័រវែស Equinor បន្តប្រតិបត្តិការយ៉ាងណាក៏ដោយ ប៉ុន្តែទីតាំងប្រេងធំៗចំនួន១៥កន្លែង នៅក្នុងចំណោមអណ្ដូងទាំង២០កន្លែង បានឈានដល់ដំណាក់កាល អស់ស្តុកពីធម្មជាតិ យ៉ាងហោចណាស់៧០ភាគរយដែរ ដូច្នេះក្រុមហ៊ុនប្រេងយក្សទាំងនេះ មានលទ្ធភាពត្រឹមតែកំណត់ការទប់ស្កាត់នូវការធ្លាក់ចុះផលិតកម្មរបស់ពួកគេប៉ុណ្ណោះ។ រីឯប្រទេសអាល់ហ្សេរី វិញ ទីតាំងប្រេងធំជាងគេបំផុត គឺ Hassi Messaoud (អាសស៊ី មេសសាអ៊ូដ) ក៏ឈានដល់ដំណាក់កាលអស់ស្តុកផងដែរ និងទាមទារឱ្យមានការវិនិយោគបន្ថែម ដើម្បីរក្សាកម្រិតផលិតកម្ម។ ប៉ុន្ដែដោយសារបរិយាកាសនៃបទប្បញ្ញត្តិដ៏ស្មុគស្មាញ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីរដ្ឋ និងឧបសគ្គនានា ដែលបង្កឡើងដោយរចនាសម្ព័ន្ធរដ្ឋបាលការិយាធិបតេយ្យ ធ្វើឱ្យបណ្ដាក្រុមវិនិយោគិនបរទេស ស្ទាក់ស្ទើរ ក្នុងការបណ្ដាក់ទុនវិនិយោគ និងស្តារឧស្សាហកម្មប្រេងក្នុងប្រទេសនេះ បន្ថែម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត