
រដ្ឋធានីហ្សាការតា៖ ស្រឡាងមួយគ្រឿង បានដឹកអ្នកដំណើរប្រហែលជាង៤០០នាក់ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយអាជ្ញាធរ និងក្រុមអ្នកសង្គ្រោះ បានចេញទៅធ្វើអន្ដរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់ និងជម្លៀសអ្នកដំណើរទាំងអស់ ចេញពីជលយាននោះ...។

បណ្ដាញទូរទស្សន៍ Euro News បានចេញផ្សាយនៅរសៀលថ្ងៃពុធទី២១ ខែតុលានេះថា ក្រុមអ្នកសង្គ្រោះ បានជម្លៀសអ្នកដំណើរ និងក្រុមនាវិកទាំងអស់ចេញពីស្រឡាង ដែលកំពុងរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅជិតកំពង់ផែមេរ៉ាក់ (Merak) ស្ថិតក្នុងខេត្តបាន់តែន (Banten) ភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ។ ភ្លើងបានឆាបឆេះយ៉ាងខ្លាំង ជាមួយនឹងផ្សែងខ្មៅដ៏ក្រាស់ ត្របាញ់ទៅលើអាកាស ចេញពីជលយានឈ្មោះ KMP Batumandi (ខេអឹមភី បាទូម៉ាន់ឌី)។ ប៉ុន្ដែនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះជលយាននេះ មិនមានសេចក្ដីរាយការណ៍ អំពីការបាត់បង់អាយុជីវិតមនុស្សនោះឡើយ។

ក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង២ៈ៥២នាទីរសៀលក្នុងថ្ងៃកើតហេតុ ស្រឡាងនេះ បានដឹកអ្នកដំណើរចេញពីកំពង់ផែទីក្រុងបាគោហេនី (Bakauheni) ស្ថិតនៅភាគខាងត្បូង ខេត្តឡាមភួង (Lampung) ជាខេត្តមួយនៅភាគខាងត្បូងបំផុត នៃកោះសូម៉ាត្រា (Sumatra) ឆ្ពោះទៅកាន់ខេត្តបាន់តែន (Banten)។ លុះប្រហែលជិត២ម៉ោងក្រោយមក បុគ្គលិកស្រឡាងនៅលើគោក បានឃើញអណ្តាតភ្លើង នៅផ្នែកខាងក្រោយ នៃជលយាននោះ។ ភ្លាមៗ ប្រតិបត្ដិករបានជម្លៀសអ្នកដំណើរចេញអស់ ដោយមិនមាននរណាម្នាក់ បាត់បង់ជីវិតឡើយ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីមូលហេតុនាំឱ្យមានភ្លើងឆាបឆេះជលយាននេះទេ ហើយអាជ្ញាធរកំពង់ផែ ទីភ្នាក់ងារស្រាវជ្រាវ និងសង្គ្រោះ និងប៉ូលិស កំពុងស្រាវជ្រាវលើករណីខាងលើនេះ៕





