ក្រុមប្រដាប់អាវុធជនជាតិភាគតិចរ៉ាឃីន ហៅការទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិលរបស់យោធាភូមា ជាការរំលោភបំពានដោយចេតនា លើច្បាប់មនុស្សធម៌អន្តរជាតិ
S
Sinuon Nop
•
2 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា បានអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំមកហើយ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។ បច្ចុប្បន្ន របបសឹកមួយនេះ បានកំណត់គោលដៅ វាយប្រហារទៅលើជនស៊ីវិល នៅក្នុងរដ្ឋរ៉ាឃីន ជាតំបន់គ្រប់គ្រងដោយកងកម្លាំងចលនាតស៊ូដ៏មានឥទ្ធិពលបំផុតមួយ ដែលបានប្រកាសខ្លួនឯងថា ជាកងទ័ពអារ៉ាកាន់ (Arakan Army) ឬហៅកាត់ AA។

មេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងឡាំង
មេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងឡាំង

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយកាលពីល្ងាចថ្ងៃពុធទី២១តុលាថា៖ នៅសប្ដាហ៍នេះ ក្រុមអ្នកនិពន្ធរបស់យើង ពិភាក្សាអំពីការសម្លាប់ជនស៊ីវិលយ៉ាងសាហាវឃោរឃៅ ដោយគ្មានហេតុផល តាមរយៈការវាយប្រហារពីលើអាកាស ដោយរបបយោធា ស្របពេលកងទ័ពជើងគោករដ្ឋាភិបាលរដ្ឋធានីណៃពិដោ កំពុងរងការខូចខាតយ៉ាងដំណំ លើសមរភូមិប្រយុទ្ធ។ បច្ចុប្បន្ន របបយោធាភូមា បានកំណត់គោលដៅលើជនស៊ីវិល នៅក្នុងរដ្ឋរ៉ាឃីន (Rakhine State) ដោយមានគោលបំណងដ៏សំខាន់មួយ ដើម្បីចាប់បង្ខំឱ្យកងទ័ពអារ៉ាកាន់  ដែលជាកងកម្លាំងចលនាតស៊ូដ៏មានឥទ្ធិពលបំផុត ឱ្យមកចូលរួមតុចរចា និងដើម្បីសងសឹក ចំពោះការបាត់បង់ទឹកដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបពួកគេដាក់ទណ្ឌកម្មលើជនស៊ីវិលក្នុងតំបន់ដែលពួកគេចោទថា បានគាំទ្រដល់កងកម្លាំងចលនាតស៊ូ។

ជាមួយគ្នា ក្រុមអ្នកវិភាគ និងក្រុមអ្នកនយោបាយក្នុងស្រុក បានលើកឡើងថា របបយោធាភូមា បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយមិនរើសគោលដៅ ទៅលើផ្សារ និងទីប្រជុំជននានា ដើម្បីបង្ខំឱ្យកងទ័ពអារ៉ាកាន់ បញ្ឈប់ការវាយលុករបស់ពួកគេ ហើយងាកមករកតុចរចាវិញ។ ការបង្កើនសកម្មភាពយោធារបស់រដ្ឋាភិបាលរដ្ឋធានីណៃពិដោ គឺជាការសងសឹក ចំពោះការបាត់បង់ដែនដីដ៏ច្រើន បន្ទាប់ពីពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរ។ កងទ័ពអារ៉ាកាន់ បានចូលទៅកាន់កាប់ទីប្រជុំជន ភាគច្រើននៅក្នុងរដ្ឋរ៉ាឃីន និងមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗក្នុងតំបន់។ របបយោធា បានព្យាយាមបង្កើនការខិតខំវាយដណ្ដើមតំបន់ទាំងនោះ ត្រឡប់មកវិញ ដោយងាកទៅប្រើប្រាស់ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការសម្លាប់យ៉ាងរង្គាល ដើម្បីស្ដារអំណាចត្រួតត្រារបស់ខ្លួនសាជាថ្មី។

ដោយឡែក មេបញ្ជាការយោធា និងទាហានរត់ចោលជួររបស់រដ្ឋាភិបាល បានរាយការណ៍អំពីគោលលទ្ធិមួយ ដែលមានជាយូរមកហើយថា រដ្ឋាភិបាលយោធា បានចាត់ទុកជនជាតិភាគតិចរ៉ាឃីន និងសហគមន៍ជនភៀសខ្លួនក្នុងស្រុក ជាអ្នកគាំទ្រ ឬជាខែលការពារដល់កងកម្លាំងឧទ្ទាមអារ៉ាកាន់។ បច្ចុប្បន្ន ថ្វីបើលោកឧត្ដមសេនីយ៍ យ៉ា ព្យេ (Yar Pyae) រដ្ឋមន្រ្ដីក្រសួងការពារជាតិថ្មីរបស់ភូមា អះអាងថា ប្រតិបត្តិការសឹករបស់រដ្ឋាភិបាល លើតំបន់គ្រប់គ្រងដោយកងកម្លាំងចលនាតស៊ូ ធ្វើឡើងក្នុងគោលបំណង«ស្វែងរកសន្តិភាព»យ៉ាងណាក្ដី ប៉ុន្ដែទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសេចក្ដីរាយការណ៍នានានៅក្នុងតំបន់ បានថ្កោលទោស ចំពោះការវាយប្រហារទាំងនេះ ថាជាការរំលោភបំពានដោយចេតនា លើច្បាប់មនុស្សធម៌អន្តរជាតិ៕

កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា
កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា
កងទ័ពអារ៉ាកាន់ ដែលជាកងកម្លាំងចលនាតស៊ូដ៏មានឥទ្ធិពលបំផុតមួយ នៅមីយ៉ាន់ម៉ា
កងទ័ពអារ៉ាកាន់ ដែលជាកងកម្លាំងចលនាតស៊ូដ៏មានឥទ្ធិពលបំផុតមួយ នៅមីយ៉ាន់ម៉ា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត