
ក្រុងប៉ោយប៉ែត៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិថៃ២២១នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីជនជាតិថៃទាំងនោះ អនុវត្តទោសក្នុងពន្ធនាគាររួចរាល់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេម…។

លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ជនជាតិថៃ ដែលត្រូវបណ្តេញចេញអំឡុងខែតុលា ឆ្នាំ២០២៦ មានចំនួនពីរដង លើកទី១.មានចំនួន១៩៧នាក់ ស្រី៧៣នាក់ និងលើកទី២.មានចំនួន២៤នាក់ ស្រី៩នាក់ ត្រូវបានដឹកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ជនជាតិថៃទាំងនេះ ត្រូវបានបិតទិដ្ឋការមិនឱ្យចូលប្រទេសកម្ពុជា ពី៣ទៅ៤ឆ្នាំ។ ជាមួយគ្នា លោកឧត្តសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានឱ្យដឹងដែរថា ស្របពេលកម្ពុជាបណ្តេញពលរដ្ឋថៃ ទៅប្រទេសកំណើតវិញ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរ១៧៨នាក់ មកកាន់ប្រទេសកម្ពុជាវិញដែរ។ ពលករខ្មែរទាំងនោះ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពីតាមបណ្តាខេត្តនានាក្នុងប្រទេសថៃ ដោយសារគ្មានលិខិតឆ្លងដែន គ្មានទិដ្ឋាការការងារ ឬលើសទិដ្ឋាការកំណត់៕ រាយការណ៍ដោយ៖ ឈុន មករា




