
ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាជនជាតិចិនប្រុស-ស្រី ចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត...។

ប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាស៊ើបអង្កេតលើមុខសញ្ញាយ៉ាងស៊ីជម្រៅ រហូតឈានដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនទាំង៣នាក់ ជាបន្តបន្ទាប់ និងដកហូតបាននូវវត្ថុតាងសារធាតុញៀន និងសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀត។

ជាមួយគ្នាផងដែរ កម្លាំងសមត្ថកិច្ច បានបន្តត្រួតពិនិត្យ និងរកឃើញវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួរព័ត៌មាន និងកមណត់ហេតុនៃការប្រព្រឹត្តិបទល្មើសរបស់ឧក្រិដ្ឋជនទាំងបី អាជ្ញាធរបានកសាងសំណុំរឿងបញ្ចូនជនជាប់ចោទទាំង៣នាក់ រួមជាមួយវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ដើម្បីបន្តនីតិវិធីនៃការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់៕
រាយការណ៍ដោយ៖ ឈុន មករា





