
គុនខ្មែរ៖ អ្នកលេងគុនខ្មែរម្ចាស់រហ័សនាម គ្រូម៉ៅចាប់ខ្មោច លន បញ្ញា ត្រូវបានគេមើលឃើញថា បានពង្រឹងសមត្ថភាពទទួលយកបទពិសោធថ្មីមួយទៀត ក្នុងជំនួបប្រកួតថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅសង្វៀន ទទក ដែលរូបគេនឹងត្រូវតតាំងជាមួយកីឡាករម៉ារ៉ុក ខាល់ ឌួន (Khal Douan) ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម...។

ការប្រកួតក្នុងប្រភេទទម្ងន់៧០គីឡូក្រាម នាចុងសប្តាហ៍នេះ ត្រូវបានអ្នកតាមដានវិស័យគុនខ្មែរធ្វើការសន្និដ្ឋានថា អាចជាការប្រកួតដើម្បីស្ទាបស្ទង់ និងពង្រឹងសមត្ថភាពលើប្រភេទទម្ងន់ស្ដង់ដារពិភពលោក។ ដ្បិតអី លន បញ្ញា ធ្លាប់តែប្រកួតភាគច្រើនក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ហើយក៏ជាកីឡាករកំពូលម្នាក់ ដែលឈរជើងយ៉ាងរឹងមាំក្នុងប្រភេទទម្ងន់នេះ ដែលស្ទើរតែរកដៃគូប្រគួតមិនបាន មិនថាក្នុងស្រុក ឬក្រៅប្រទេស។ យ៉ាងណា ការប្រកួតក្នុងប្រភេទទម្ងន់៧០គីឡូក្រាមនេះ អាចជាឱកាសមួយសម្រាប់រូបគេដកស្រង់បទពិសោធថ្មី ព្រោះទម្ងន់នេះ ជាប្រភេទទម្ងន់ស្ដង់ដារ ដែលសម្បូរទីផ្សារប្រកួតកម្រិតអន្តរជាតិ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើសង្វៀនល្បីៗ ដូចជា K-1 និង Knock Out នៅប្រទេសជប៉ុន ជាដើម។

ការដកស្រង់បទពិសោធលើទម្ងន់នេះ អាចនឹងបង្កើនសមត្ថភាពយល់ដឹងដៃគូដែលមានសមត្ថភាពខ្លាំងៗ មុនបេសកកម្មធំនៅចុងឆ្នាំនេះមកដក់។ គួររំឭកផងដែរថា បន្ទាប់ពីបានជម្នះឧបសគ្គឆ្លងផុតវគ្គជម្រុះ១៦នាក់ យ៉ាងតឹងតែង លន បញ្ញា បានកក់កៅអីឡើងទៅវគ្គ៨នាក់ចុងក្រោយ (8-Man Tournament K-1 WORLD MAX 2026) រួចជាស្រេច។ រូបគេត្រូវធ្វើដំណើរទៅកាន់ទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រកួតជាមួយកីឡាករ ហ្សេក ប៉េងឃឺសត៍ (Zac Pengkheust) ក្នុងវគ្គជម្រុះវិលជុំ ដើម្បីប្រជែងយកកៅអីវគ្គនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក K-1 WORLD MAX 2026។

ដូច្នេះ ការតតាំងជាមួយកីឡាករម៉ារ៉ុក ខាល់ ឌួន ក្នុងទម្ងន់៧០គីឡូក្រាម នាចុងសប្តាហ៍នេះ មិនត្រឹមតែជាការប្រឡងប្រជែងសមត្ថភាពចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់ លន បញ្ញា ក្នុងវិស័យគុនខ្មែរផងដែរ។ ការតាំងចិត្តប្រឈមមុខជាមួយគូប្រកួតបរទេសក្នុងទម្ងន់ស្ដង់ដារអន្តរជាតិនេះ គឺជាសញ្ញាណមួយបង្ហាញថា លន បញ្ញា កំពុងត្រៀមខ្លួនរួចរាល់ ក្នុងការវិវត្តខ្លួនពីកីឡាករកំពូលនៅក្នុងស្រុក ទៅជាអ្នកប្រយុទ្ធគុនខ្មែរកម្រិតពិភពលោក ដែលអាចឈរជើងយ៉ាងរឹងមាំលើសង្វៀនកម្រិតអន្តរជាតិធំៗ និងបើកផ្លូវឱ្យគុនខ្មែរ កាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិ នាពេលអនាគត៕




