អាម៉េរិក ចែករំលែកព័ត៌មានចារកម្មដល់អ៊ុយក្រែនវិញ លួងចិត្តហ្សេឡែនស្គី ប៉ុន្តែ ត្រាំ បញ្ជូនប្រេសិតទៅជួបពូទីន
S
Sinuon Nop
•
21 តុលា 2026 04:30 PM

រដ្ឋធានីមូស្គូ៖ ការច្បាំងគ្នាយ៉ាងបង្ហូរឈាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលយ៉ាងយូរ នៅតែមិនចាញ់មិនឈ្នះ និងមិនដូចអ្វីដែលមេដឹកនាំវិមានក្រឹមឡាំង ថ្លែងទៅកាន់ពិភពលោក នាថ្ងៃបើកឆាកសង្គ្រាមទ្រង់ទ្រាយធំ លើអ៊ុយក្រែនថា៖«ប្រតិបត្ដិការយោធាពិសេស» នេះ យ៉ាងយូរត្រឹមតែ៤៨ម៉ោង នឹងអាចផ្ដួលរំលំរបបណាហ្ស៊ី ហ៊ីត្លែរ នៅរដ្ឋធានីកៀវ បាន។ ប៉ុន្ដែសង្គ្រាមបានបន្ដវាយប្រយុទ្ធគ្នា ឈានចូលដល់ឆ្នាំទី៥ ទើបរដ្ឋាភិបាលរដ្ឋធានីមូស្គូ ប្ដូរឥរិយាបថ ស្នើទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជួបចរចាត្រីភាគី ខណៈលោក ដូណាល់ ត្រាំ បញ្ជូនប្រេសិតពិសេស ទៅជួបសមភាគី លោក វ៉្លាឌីមៀ ពូទីន និងបានចែករំលែកព័ត៌មានចារកម្មឡើងវិញ ជាមួយនឹរដ្ឋាភិបាលរដ្ឋធានីកៀវ ដើម្បីលួងចិត្តលោក ហ្សេឡែនស្គី...។

ប្រធនាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធនាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

បណ្ដាញទូរទស្សន៍អង់គ្លេស BBC ចេញផ្សាយនៅរសៀលថ្ងៃពុធទី២១តុលានេះថា ប្រេសិតពិសេសសហរដ្ឋអាម៉េរិក លោកមហាសេដ្ឋី ស្ដេវ វីតខហ្វ បានកំណត់យកថ្ងៃពុធនេះតែម្ដង សម្រាប់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងកំពង់ផែសេន ផេធើសប៊ឺគ (St Petersburg) ដែលជាទីក្រុងធំទី២របស់រុស្ស៊ី ស្ថិតនៅតំបន់សមុទ្ទបាល់ទិក ដើម្បីពិភាក្សាគ្នា អំពីសំណើរនានា សម្រាប់ការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។ កិច្ចចរចាជាមួយមេដឹកនាំវិមានក្រឹមឡាំង នៅថ្ងៃពុធនេះ កើតឡើងត្រឹមតែរយៈពេលមួយថ្ងៃ បន្ទាប់ពីលោកមហាសេដ្ឋី ស្ដេវ វីតខហ្វ ជួបចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅក្នុងរាជធានីអូស្លូ (Oslo) ប្រទេសន័រវ៉ែស តាមអ្វីដែលប្រេសិតពិសេសរបស់សហរដ្ឋអាម៉េរិករូបនេះ បានពិពណ៌នា ថា វាជាកិច្ចចរចា ប្រកបដោយការស្ថាបនា។

​លោក ស្ដេវ វីតខហ្វ, ប្រធានាធិបតីហ្វាំងឡង់ដ៍, ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្ដីន័រវ៉ែស (ដៃកាន់ទ្វារ)
​លោក ស្ដេវ វីតខហ្វ, ប្រធានាធិបតីហ្វាំងឡង់ដ៍, ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្ដីន័រវ៉ែស (ដៃកាន់ទ្វារ)

នៅមុនដុំពពកខ្មៅរសាត់បាត់ទៅ រដ្ឋាភិបាលរដ្ឋធានីកៀវ បានចោទប្រកាន់សហរដ្ឋអាម៉េរិក អំពីការលាក់បាំងព័ត៌មានស៊ើបការណ៍សម្ងាត់សំខាន់ៗ តែរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានបដិសេធអំពី«រឿងអាស្រូវ»បែបនេះ។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ហ្សេឡែនស្គី បានអះអាងថា ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ជាមួយសហរដ្ឋអាម៉េរិក លើការវាយប្រហារដោយមីស៊ីលរុស្ស៊ី ឥឡូវ កំពុងដំណើរការល្អឡើងវិញហើយ។ លោកប្រធានាធិបតី ហ្សេឡែនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុប បានបញ្ជាក់ថា ការចរចាបញ្ចប់សង្គ្រាម អាស្រ័យលើប្រទេសរុស្ស៊ី ឆ្លើយតបទៅនឹងសំណើ ដែលបានព្រមព្រៀងគ្នានៅរាជធានីអូស្លូ ប្រទេសន័រវ៉ែស ខណៈលោកមហាសេដ្ឋី ស្ដេវ វីតខហ្វ ជួបជាមួយមេដឹកនាំវិមានក្រឹមឡាំង លោកវ៉ា្លឌីមៀ ពូទីន នៅថ្ងៃពុធនេះ។

កូនប្រសារបស់ប្រធានាធិបតី ត្រាំ, ​លោក ស្ដេវ វីតខហ្វ និងប្រធានាធិបតីរុស្ស៊ី
កូនប្រសារបស់ប្រធានាធិបតី ត្រាំ, ​លោក ស្ដេវ វីតខហ្វ និងប្រធានាធិបតីរុស្ស៊ី

ស្របគ្នានេះដែរ ប្រធានាធិបតីហ្វាំងឡង់ដ៏ លោក អាឡិកសាន់ដឺរ ស្ទូប (Alexander Stubb) ដែលបានចូលរួមនៅក្នុងកិច្ចចរចា បានបញ្ជាក់ថា៖«វឌ្ឍនភាពពិតប្រាកដ» ត្រូវបានធ្វើឡើងតាមសំណើ ដើម្បីការសម្រេចបានសន្តិភាព។ ប៉ុន្តែលោកប្រធានាធិបតី មិនផ្តល់ព័ត៌មានលម្អិតនោះឡើយ ហើយថែមទាំងបានព្រមានថា ការអត់ធ្មត់ នឹងត្រូវការចាំបាច់បំផុត។ មន្ត្រីអាម៉េរិកមួយរូប បានពិពណ៌នា អំពីកិច្ចពិភាក្សានោះថា វាជាកិច្ចពិភាក្សាមួយ«ប្រកបដោយផ្លែផ្កា និងមានលក្ខណៈស្ថាបនាបំផុត» ជាមួយនឹងការបញ្ជាក់ថា «ការឯកភាពគ្នាយ៉ាងមុតមាំ នៅក្នុងកម្រិតការងារ» រវាងសហរដ្ឋអាម៉េរិក អ៊ុយក្រែន និងអឺរ៉ុប ពាក់ព័ន្ធនឹង«ជំហានបន្ទាប់»។ រីឯលោក វីតខហ្វ ក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅប្រទេសរុស្ស៊ី នៅថ្ងៃពុធ ដើម្បីពិភាក្សា អំពីសំណើទាំងនោះ ហើយកូនប្រសារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ខូសណឺរ (Kushner) ក៏នឹងចូលរួមតាមប្រព័ន្ធអនឡាញផងដែរ។

ប្រេសិតពិសេសរបស់សហរដ្ឋអាម៉េរិក លោកមហាសេដ្ឋី ស្ដេវ វីតខហ្វ ចាប់ដៃពូទីន
ប្រេសិតពិសេសរបស់សហរដ្ឋអាម៉េរិក លោកមហាសេដ្ឋី ស្ដេវ វីតខហ្វ ចាប់ដៃពូទីន

ទោះជាយ៉ាងណា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅមិនទាន់អត្ថាធិប្បាយជាសាធារណៈនៅឡើយ ជុំវិញវិវឌ្ឍភាពចុងក្រោយនេះ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងមុននេះថា វិមានក្រឹមឡាំង នឹងស្ដាប់នូវអ្វីដែលលោក ស្ដេវ វីតខហ្វ នឹងលើកឡើង ប៉ុន្តែបានច្រានចោលលទ្ធភាពនៃ«ការយល់ព្រមសម្បទានផ្នែកនយោបាយ»។ ទំនាក់ទំនង រវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក បានធ្លាក់ដុនដាបនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗ រហូតធ្វើឱ្យលោកប្រធានាធិបតី ត្រាំ លើកឡើងជាសាធារណៈ ថា វាដល់ពេលហើយ ដែលអ៊ុយក្រែន ត្រូវមានប្រធានាធិបតីថ្មី ដោយលោកថែមទាំងនិយាយថា គួរតែ«មានបុគ្គលផ្សេងទៀត មកចរចាជំនួសឱ្យអ៊ុយក្រែន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត