ជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួន ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា
Chanmarady Chuon
32 នាទីមុន

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់ដែលបានធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់...។

សមត្ថកិច្ច បានឱ្យដឹងថា ជនជាតិថៃដែលរងការចាប់ខ្លួននេះ មានឈ្មោះ ស៊ុនថន ផាតថាមិត (Sunthon Pattamit) ហៅ ឡត អាយុ២៨ឆ្នាំ ចូលមកស្នាក់នៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបជនជាតិថៃរូបនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតថ្នាំញៀនគ្រាប់ពណ៌ទឹកក្រូច (WY) ចំនួន២កូនថង់ មាន៩គ្រាប់ ទម្ងន់១,២៩ក្រាម សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងកាបូបពណ៌ត្នោត១ សម្រាប់ដាក់គ្រឿងញៀន។

ក្រោយការចាប់ខ្លួន និងសួរនាំ ជនជាតិថៃរូបនេះ បានសារភាពថា ខ្លួនពិតជាបានទិញ និងរក្សាទុកថ្នាំញៀនទាំងនេះ ដើម្បីធ្វើសកម្មភាពជួញដូរផង និងប្រើប្រាស់ដោយខ្លួនឯងផង។ បច្ចុប្បន្ន ជនជាតិថៃរូបនេះ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត