សមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ៧នាក់ ដកហូតអាវុធខ្លី២ដើម និងគ្រឿងញៀនច្រើនប្រភេទ
អុន សម្ផស្ស
07 កក្កដា 2023 03:00 PM

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចជំនាញ បានឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រីចំនួន៧នាក់ ដកហូតបានអាវុធខ្លីពីរដើម និងគ្រឿងញៀនជាច្រើនប្រភេទ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ដើម្បីអនុវត្តនីតិវិធីបន្ត...។

លោកវរសេនីឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់រួមមាន៖ ទី១.ឈ្មោះ គីតធីជុង ស៊ុមប៊ុត អាយុ២៣ឆ្នាំ, ២.ឈ្មោះ ស៊ីណាគីត សុងវិផុន អាយុ២៦ឆ្នាំ, ៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល អាយុ២៧ឆ្នាំ ,៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា អាយុ២៣ឆ្នាំ, ៥.ឈ្មោះ ភិរ៉ាផាត សៀកសាត អាយុ២០ឆ្នាំ, ៦.ឈ្មោះ ឌិឆា គីតសំផាន់ អាយុ៣០ឆ្នាំ និងទី៧. ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រី អាយុ២៧ឆ្នាំ។ អ្នកទាំង៧នាក់នេះ បច្ចុប្បន្នស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯវត្ថុតាងរួមមាន៖ អាវុធខ្លី២ដើម បង់២មានគ្រាប់ចំនួន២២, គ្រឿងញៀនប្រភេទម្សៅម៉ត់ស-ថ្លាចំនួន១៣១,៦៣ក្រាម, ថ្នាំញៀន ១៣គ្រាប់, ថ្នាំគ្រាប់ចម្រុះសង្ស័យមានសាធាតុញៀនចំនួន៥១៧គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង-ក្រហម ២០បន្ទះ, ជញ្ជីងថ្លឹងគ្រឿងញៀន៥, លិខិតឆ្លងដែនចំនួន៤ និងវត្ថុតាងមួយចំនួនទៀត។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីផ្ទុះអាវុធកើតឡើង។ បន្ទាប់មកដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំពូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនជាតិថៃទាំងនោះ កសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​ រាយការណ៍ដោយ៖ លោកឈុន មករា

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត