
រដ្ឋធានីប៉ារីស៖ អំពើហិង្សា និងការចលាចលយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានផ្ទុះឡើងនៅតាមបណ្តាទីក្រុងនានា ទូទាំងប្រទេសបារាំង កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងការកើនឡើងនៃតម្លៃរស់នៅ និងការធ្លាក់ចុះនៃសេវាកម្មសាធារណៈ ដោយបណ្ដាលឱ្យមនុស្សប្រមាណ១២០០នាក់ ត្រូវបានចាប់ខ្លួន...។

បាតុកម្មដែលដើមឡើយផ្តើមចេញពីក្រុមសិស្ស-និស្សិត តវ៉ាប្រឆាំងនឹងបញ្ហាសាលារៀនខ្វះថវិកា ការកើនឡើងនៃតម្លៃជីវភាព និងការមិនអើពើរបស់រដ្ឋាភិបាល បានរីករាលដាលទៅជាការតវ៉ាខ្នាតធំ ដែលមានប្រជាជនចូលរួមរហូតដល់ប្រមាណ ៥៥ម៉ឺននាក់នៅទូទាំងប្រទេស ខណៈពលរដ្ឋមួយភាគធំ បានធ្វើបាតុកម្មដោយសន្តិវិធី ក្រុមបាតុករជ្រុលនិយមមួយចំនួន បានបើកការវាយប្រហារ និងដុតបំផ្លាញអគាររដ្ឋប្រវត្តិសាស្ត្រ ដូចជាសាលាក្រុង និងការិយាល័យទេសចរណ៍ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងលួចប្លន់ហាងទំនិញប្រណិតៗជាច្រើន។

ឆ្លើយតបនឹងសភាពការណ៍នេះ លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) និងលោកនាយករដ្ឋមន្ត្រី សេបាស្ទាន ឡេកខនូ (Sebastien Lecornu) បានចេញមុខប្រកាសយ៉ាងម៉ឺងម៉ាត់ថា នឹងផ្តន្ទាទោសក្រុមបង្កចលាចលទាំងនោះតាមផ្លូវច្បាប់ ដោយបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនញញើត ឬបណ្តោយឱ្យក្រុមជ្រុលនិយមប្រើប្រាស់អំពើហិង្សា ដើម្បីកេងចំណេញនយោបាយ មុនការបោះឆ្នោតប្រធានាធិបតី នាឆ្នាំខាងមុខនោះឡើយ។

សម្ពាធនៃវិបត្តិសេដ្ឋកិច្ច និងតម្លៃរស់នៅនេះ មិនត្រឹមតែបំពុលបរិយាកាសក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីករាលដាល និងបង្កើតជាការតវ៉ានៅបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ រួមមាន៖ ប្រទេសប៊ែលហ្ស៊ិក ប្រទេសព័រទុយហ្គាល់ ប្រទេសអ៊ីតាលី និងប្រទេសអាល់បានី៕





