
រដ្ឋធានីប៉ារីស៖ បន្ទាប់ពីផ្ទុះឡើងនៃអំពើហិង្សា និងការលួចប្លន់ហាងទំនិញប្រមាណ ១៥០០កន្លែងនៅទូទាំងប្រទេសបារាំង កាលពីចុងសប្តាហ៍មុន រដ្ឋធានីប៉ារីស បានប្រឈមមុខនឹងទិដ្ឋភាពបំផ្លិចបំផ្លាញ និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរសាជាថ្មី ខណៈអ្នកវិភាគលើកឡើងថា ទំនោររបស់បារាំងក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃបាតុកម្មហិង្សា បានក្លាយជារឿងកើតឡើងជាញឹកញាប់ គួរឱ្យភ័យខ្លាច។ ទន្ទឹមនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) កាន់តែបាត់បង់សមត្ថភាព ក្នុងការគ្រប់គ្រងសភាពការណ៍ជាបន្តបន្ទាប់...។

ទោះបីបារាំងជាប្រទេសដែលចំណាយថវិកាសាធារណៈច្រើនជាងគេបំផុតមួយក្នុងពិភពលោកក៏ដោយ ក៏មានសំណួរជាច្រើនចោទសួរថា ហេតុអ្វីបានជាប្រទេសនេះនៅតែបន្តផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លាបែបនេះ..? ការស្ទង់មតិបង្ហាញថា ប្រជាជនបារាំង ជាមធ្យមខ្វះខាតថវិកា៥០០អឺរ៉ូក្នុងមួយខែ ដើម្បីគ្របដណ្ដប់លើការចំណាយប្រចាំថ្ងៃ ធ្វើឱ្យពួកគេងាយរងគ្រោះខ្លាំង ចំពោះបម្រែបម្រួលសេដ្ឋកិច្ច និងអតិផរណា។ ម្យ៉ាងវិញទៀត អាជ្ញាធរបារាំង មិនបានរំពឹងទុកថា នឹងមានមនុស្សជាង៥០ម៉ឺននាក់ចេញមកតវ៉ាលើដងវិថី ឬមានក្រុមចោរលួចប្លន់រាប់ពាន់នាក់បែបនេះឡើយ។ លើសពីនេះ អភិបាលក្រុង លីម៉ូហ្គេស (Limoges) បញ្ជាក់ថា កម្លាំងនគរបាលមានចំនួនតិចតួច និងចាញ់ប្រៀបក្រុមបាតុកម្មឆ្វេងនិយមជ្រុល។ ស្របពេលរដ្ឋាភិបាលគ្មានលទ្ធភាពផ្នែកថវិកា ក្នុងការទម្លាក់ប្រាក់ដោះស្រាយការតវ៉ារបស់សិស្សសាលា នាពេលកន្លងមក។

បារាំង បានខ្ចីប្រាក់បន្ថែមរហូតដល់១,១ពាន់ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៩ ក៏ដោយ ប៉ុន្តែការបែងចែកថវិការដ្ឋមានភាពលម្អៀងយ៉ាងខ្លាំង ដោយការចំណាយលើផ្នែកសន្តិសុខ តុលាការ ឬការអប់រំ មានកម្រិតតិចតួច។ អ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺអ្នកចូលនិវត្តន៍ ដែលការចំណាយលើពួកគេហក់ឡើងខ្ពស់។ ជាឧទាហរណ៍ ស្ទើរតែ១ភាគ៣នៃថវិកាអប់រំ ត្រូវចំណាយលើប្រាក់បៀវត្សរ៍អ្នកចូលនិវត្តន៍ ជាហេតុធ្វើឱ្យប្រាក់ខែគ្រូបង្រៀនបច្ចុប្បន្នទាបជាងមធ្យមភាគនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ ចាប់តាំងពីឆ្នាំ២០១៧ ប្រាក់ឈ្នួលមធ្យមនៅបារាំងកើនឡើង២២,៨ភាគរយ ប៉ុន្តែអតិផរណាដែលមានរហូតដល់២៣,៤ភាគរយ។ លើសពីនេះ ការបង់ភាគទានសង្គមខ្ពស់ធ្វើឱ្យការដំឡើងប្រាក់ខែពិតប្រាកដដល់កម្មករធ្លាក់ចុះមកនៅតិចតួចបំផុត។

ស្របពេលឥទ្ធិពលរបស់លោក ម៉ាក្រុង កំពុងធ្លាក់ចុះ មេដឹកនាំស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ហាក់ឡើងកូដខ្លាំង។ ចំណែកឯគូប្រជែងឆ្វេងនិយមជ្រុល លោក ហ្សង់ ឡុក មេឡេនឆុន (Jean-Luc Melenchon) កំពុងត្រូវបានគេមើលឃើញថា ជាមេខ្លោងញុះញង់ឱ្យមានភាពវឹកវរនៅលើដងផ្លូវ។ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៧ខាងមុខ ដែលគ្របដណ្ដប់ដោយការព្រួយបារម្ភអំពីថ្លៃជីវភាពរស់នៅ និងសន្តិសុខ ក្រុមស្ដាំនិយមជ្រុលហាក់មានប្រៀបច្រើន រួមទាំងការសន្យាស្រដៀង លោក ត្រាំ ក្នុងការដាក់ប្រាក់រាប់រយអឺរ៉ូចូលក្នុងហោប៉ៅប្រជាជន តាមរយៈការកាត់បន្ថយការបង់ប្រាក់ ជូនសហភាពអឺរ៉ុប។ គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំង បានប្រកាសដាក់បម្រាមគោចរនៅរដ្ឋធានីប៉ារីស និងបណ្តាទីក្រុងធំៗមួយចំនួន ដូចជា៖ ទីក្រុងលីលឡេ (Lille) និងលីយ៉ុង (Lyon) កាលពីល្ងាចថ្ងៃចន្ទទី១៩តុលា ដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និងការពារអាជីវកម្មនានា បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងនឹងការហក់ឡើងនៃថ្លៃជីវភាព បានរីករាលដាលទៅជាអំពើហិង្សាលើផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ៕




