
សុខភាព៖ គ្រុនឈាម ជាជំងឺដែលចម្លងតាមរយៈមូសខ្លាញីខាំ។ សម្រាប់ក្មេងស្រី និងស្ត្រី ដែលកើតជំងឺនេះ ស្របពេលកំពុងមករដូវ សូមមានការប្រុងប្រយ័ត្ន ជាពិសេស ប្រសិនបើមានការធ្លាក់ឈាមរដូវច្រើន ស្លេកស្លាំង ឬមានជំងឺឈាមតំណពូជដូចជា បេតា-តាឡាសេមី…។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ បានគូសបញ្ជាក់ថា ជំងឺគ្រុនឈាមអាចបណ្ដាលឱ្យចំនួនប្លាកែតក្នុងឈាមថយចុះ និងមានភាពមិនប្រក្រតីនៃមុខងារសរសៃឈាម និងការកកឈាម ដែលអាចរួមចំណែកធ្វើឱ្យឈាមរដូវធ្លាក់ច្រើន ឬអូសបន្លាយយូរជាងធម្មតា។ ការបាត់បង់ឈាមច្រើន ក៏អាចធ្វើឱ្យមានភាពស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ និងមានអាការអស់កម្លាំង វិលមុខ បេះដូងលោតញាប់ និងដង្ហើមខ្លីៗ។ដំណាក់កាលគ្រោះថ្នាក់នៃជំងឺគ្រុនឈាម ជាទូទៅអាចកើតឡើងនៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៧ ជាពិសេស នៅពេលកម្ដៅខ្លួនចាប់ផ្តើមចុះ ហើយជាធម្មតាមានរយៈពេលប្រមាណចន្លោះពី២៤ទៅ៤៨ម៉ោង។ សូមជ្រាបថា មិនមែនអ្នកជំងឺគ្រប់រូប សុទ្ធតែមានផលវិបាកធ្ងន់ធ្ងរនោះទេ ប៉ុន្តែការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់។

ចំពោះស្ត្រីមានជំងឺបេតា-តាឡាសេមី ជាជំងឺឈាមតំណពូជ ប៉ះពាល់ដល់ការផលិតអេម៉ូក្លូប៊ីន រឹតតែត្រូវមានការប្រុងប្រយ័ត្នបំផុត ជាពិសេសដូចជា៖ បេតា-តាឡាសេមី កម្រិតស្រាល ជាទូទៅបង្កភាពស្លេកស្លាំង កម្រិតស្រាល ឬមិនមានរោគសញ្ញា ប៉ុន្តែការបាត់បង់ឈាមបន្ថែមអាចធ្វើឱ្យភាពស្លេកស្លាំង កាន់តែធ្ងន់ធ្ងរ។ បេតា-តាឡាសេមី កម្រិតមធ្យម អាចបង្កភាពស្លេកស្លាំង រ៉ាំរ៉ៃ ហើយត្រូវការការតាមដានសុខភាពឱ្យបានដិតដល់ និងបេតា-តាឡាសេមី កម្រិតធ្ងន់ ជាញឹកញាប់ ត្រូវការបញ្ចូលឈាមជាប់ជាប្រចាំ និងការថែទាំដោយវេជ្ជបណ្ឌិតឯកទេស។ ក្នុងអំឡុងពេលកើតជំងឺគ្រុនឈាម ស្ត្រីគួរជៀសវាងការប្រើប្រាស់ថ្នាំអាស្ពីរីន និងថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs។ដោយសារ ថ្នាំទាំងនេះ អាចបង្កើនហានិភ័យនៃការហូរឈាម និងបង្កផលវិបាកដល់តម្រងនោម។ មួយវិញទៀត មិនគួរទិញថ្នាំជាតិដែក ឱសថបុរាណ ឬថ្នាំ សម្រាប់បញ្ឈប់ការធ្លាក់ឈាមរដូវមកប្រើ។ ចំពោះអ្នកដែលកំពុងប្រើថ្នាំប្រឆាំងកំណកឈាមតាមវេជ្ជបញ្ជា ត្រូវពិគ្រោះជាមួយគ្រូពេទ្យ មុនពេលផ្លាស់ប្ដូរ។

អ្នកជំនាញសុខភាពសាធារណៈ បន្ថែមថា សូមមកកាន់មន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើមានរោគសញ្ញា រួមមាន ធ្លាក់ឈាមរដូវច្រើនខុសធម្មតា អស់កម្លាំងខ្លាំង ឬសន្លប់ បេះដូងលោតញាប់ ឬដង្ហើមខ្លី ឈឺពោះខ្លាំង ឬក្អួតជាបន្តបន្ទាប់ ហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្អួតមានឈាម ឬលាមកមានឈាម និងស្បែកត្រជាក់ ដៃ-ជើងត្រជាក់ ឬងងុយគេងខុសធម្មតា។ សូមជម្រាបថា ការមករដូវធម្មតា មិនមែនជាសញ្ញាព្រមាននៃជំងឺគ្រុនឈាមទេ ប៉ុន្តែការធ្លាក់ឈាមតាមទ្វារមាសច្រើនខុសធម្មតា ត្រូវការវាយតម្លៃពីគ្រូពេទ្យឱ្យបានឆាប់រហ័ស មិនត្រូវរង់ចាំរហូតដល់ចំនួនប្លាកែតធ្លាក់ចុះខ្លាំង ទើបទៅមន្ទីរពេទ្យ។ គួរជ្រាបផងដែរ កាលពីថ្ងៃទី១១តុលាកន្លងទៅ មាននិស្សិតស្រីឆ្នាំទី២ ម្នាក់ បានបាត់បង់ជីវិត ដោយសារជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលបានកើតឡើងស្របពេលដែលរូបនាងកំពុងស្ថិតក្នុងអំឡុងពេលមានរដូវ៕



