រយៈពេល១ខែ កុមារជាង៩ពាន់នាក់ចូលព្យាបាលជំងឺ«គ្រុនឈាម» នៅមន្ទីរពេទ្យគន្ធបុប្ផា
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេលពេញ១ខែសីហា ឆ្នាំ២០២៦ ទារក និងកុមារចំនួន៩៦៣១នាក់ បានកើតជំងឺគ្រុនឈាម និងទទួលបានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈជំងឺនេះនៅតែបន្តជាបញ្ហាប្រឈមសម្រាប់សុខភាពកុមារក្នុងខែកញ្ញានេះ។ រោគសញ្ញាជំងឺ «គ្រុនឈាម» ដែលងាយកក់សម្គាល់ គឺអ្នកជំងឺក្ដៅខ្លួនខ្លាំងចាប់ពី៣៩ទៅ៤០អង្សាសេ...។  

មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី១១កញ្ញានេះថា ដោយសារការជឿជាក់លើសេវាព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ទារក និងកុមារ ជាច្រើននៅតែបន្តមកទទួលការពិនិត្យ និងព្យាបាលជំងឺគ្រុនឈាម ទោះបីស្ថានភាពអ្នកជំងឺ មានចំនួនច្រើនរហូតដល់ពេលខ្លះទារក ឬកុមារ២នាក់ត្រូវសម្រាកលើគ្រែតែ១ និងមានអ្នកជំងឺហៀរដល់ខាងក្រៅបន្ទប់។ មន្ទីរពេទ្យគន្ធបុប្ផា រំឭកអាណាព្យាបាលថា៖«ក្នុងខែកញ្ញានេះ ជំងឺគ្រុនឈាម ក៏មិនទាន់ទៅណាឆ្ងាយពីកូនៗយើងនៅឡើយ»។ 

ក្រសួងសុខាភិបាលកម្ពុជា ធ្លាប់ចេញសារព្រមានពីហានិភ័យនៃការផ្ទុះជំងឺគ្រុនឈាមខ្លាំងនូវរដូវវស្សាឆ្នាំនេះ ដោយសារឥទ្ធិពលនៃបាតុភូតកើនកម្ដៅ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ធ្វើឱ្យចំនួនមូសខ្លា និងជំងឺគ្រុនឈាមកើនឡើង។ ក្រសួង ប្រាប់ពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងមានទឹកដក់ និងដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ លើសពីនេះ ត្រូវស្វែងរកការពិគ្រោះ និងពិនិត្យព្យាបាលបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតក្នុងករណីមានរោគសញ្ញាគ្រុនក្ដៅខ្លាំង ចាប់ពី៣៩ទៅ៤០អង្សាសេ ក្នុងអំឡុងពេលយ៉ាងតិចត្រឹមពីរថ្ងៃដំបូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត