ជួយកម្ពុជាទប់ស្កាត់ជំងឺគ្រុនឈាម អាម៉េរិកសម្រេចផ្តល់បន្ថែមឧបករណ៍ចាប់មូស២០ម៉ឺនគ្រឿង
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិក នឹងផ្តល់ឧបករណ៍ចាប់មូសចំនួន២០ម៉ឺនគ្រឿងបន្ថែម ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។ ការប្រកាសបន្ថែមជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាងលោកស្រី អេឡិកសាន់ដ្រា ហ្ស៊ីតថល (Aleksandra Zittle) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ឈាង រ៉ា កាលពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦..។

ក្នុងជំនួបទ្វេភាគីនេះ លោកស្រី អេឡិកសាន់ដ្រា ហ្ស៊ីតថល លើកឡើងថា៖«សហរដ្ឋអាម៉េរិក នឹងបន្ថែមផ្ដល់ជូនក្រសួងសុខាភិបាល នូវឧបករណ៍ចាប់មូសចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម»។ បើតាមលោកស្រីភារធារីស្តីទី ការផ្ដល់ជំនួយនេះ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលផ្តោតលើការពង្រឹងសន្តិសុខសុខភាពសកល ការតាមដានជំងឺ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជំនួយឧបករណ៍ចាប់មូសនេះ ត្រូវបានរំពឹងថា នឹងចូលរួមពង្រឹងវិធានការបង្ការ និងគ្រប់គ្រងជំងឺដែលបង្កឡើងដោយមូស ជាពិសេសជំងឺគ្រុនឈាម និងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារសុខុមាលភាពប្រជាជន។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសលើជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការពិនិត្យតាមដានជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ ចំពោះការគាំទ្រឧបករណ៍ និងគ្រឿងបរិក្ខារសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង ដែលនឹងត្រូវប្រគល់ជូន CENAT លោក ឈាង រ៉ា ស្នើឱ្យសហរដ្ឋអាម៉េរិក ពិចារណារៀបចំពិធីប្រគល់-ទទួល នៅចុងខែកញ្ញា ឬសប្តាហ៍ទី១នៃខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នា លោករដ្ឋមន្ត្រី បញ្ជាក់ថា អាទិភាពសុខាភិបាលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រសុខាភិបាល២០២៥-២០៣៤ ផ្តោតលើការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល (UHC) ការពង្រឹងសន្តិសុខ សុខភាពសកល ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការអភិវឌ្ឍធនធានមនុស្ស និងសុខភាពឌីជីថល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត